ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹកភ្លៀង នៅផ្លូវព្រះនរោត្តម ស្ថាបនាសម្រេចបាន៩០ភាគរយហើយ គ្រោងបញ្ចប់នៅចុងខែធ្នូ ២០១៨ នេះ

ចែករំលែក៖

ភ្នំពេញ៖ ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹកភ្លៀង នៅលើបណ្តាយផ្លូវព្រះនរោត្តម មកដល់ពេលនេះ ការស្ថាបនាសម្រេចបានលទ្ធផលប្រមាណ៩០ភាគរយហើយៗគម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ២០១៨ ខាងមុខនេះ ពោលគឺនៅតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ហើយ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៏ ១៣កើត ខែមិគសិរឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវ និងថ្ងៃទី ២០ ធ្នូ ២០១៨នេះ ខណៈក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងបំពេញការងារយ៉ាងមមាញឹកនោះ ។

លោក ដួង ចាន់សារ៉ាត់ បានឲ្យដឹងបន្ថែមទៀតថា៖ ការដ្ឋានស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅលើផ្លូវព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមការងារកាលពីខែ កក្កដា ២០១៨ គ្រោងបញ្ចប់នៅថ្ងៃទី២៥ ធ្នូ ២០១៨ អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានប្រវែង១៦១០ម៉ែត្រ ទំហំ៦តឹក ដោយចាប់ផ្តើមពីមុខមន្ទីរពេទ្យព្រះអង្គឌួង (ផ្លូវ១១០ ) ដល់សហគមន៍អឺរុប ជាប់វិមានឯករាជ ។

លោក ដួង ចាន់សារ៉ាត់ បានឲ្យដឹងទៀតថា៖ កំណាត់ផ្លូវ ព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញនេះ ពីដើមមកមិនធ្លាប់មានលូ ក្នុងការរំដោះទឹកនោះទេ ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តលើការងារនេះភ្លាម ។ លោកដួង ចាន់សារ៉ាត់បានបញ្ជាក់ផងដែរថា ក្រោយការស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅផ្លូវព្រះនរោត្តមនេះរួច កំណាត់ផ្លូវនេះនឹងលែងមានការលិចលង់ដោយទឹកភ្លៀងទៀតហើយ ៕ សំរិត


ចែករំលែក៖