ភ្នំពេញ៖ នារីម្នាក់ រងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខណៈដែលកំពុងតែជិះម៉ូតូតាមផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿង ពណ៌ស ស្លាកលេខរដ្ឋ25 2-0489 ទៅបុកទាំងកំរោល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ ។ ចំណែកម៉ូតូ ម៉ាកហ្សូមើអិច ពណ៌ខ្មៅ លាយទឹក ក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GM. 0106 ជិះដោយនារីរងគ្រោះខាងលើ តាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងមិនប្រយ័ត្នក៏ជ្រិលទៅបុកគ្នាជាមួយម៉ូតូបណ្តាលឲ្យនារីរងរបួសជើងឆ្វេងធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរសម្រាកព្យាបាលដឺលុច្ស តែដោយស្ថានជើងធ្ងន់ធ្ងរពេក ទើបហៅរថយន្តមន្ទីរពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះបន្ត ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕អារុណរះ