ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល២ថ្ងៃ គយចល័ត ឃាត់រថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប គ្មានចុះ ក្នុងបញ្ជីទ្រព្យរដ្ឋជាង២០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប ដែលគ្មានចុះក្នុងបញ្ជីទ្រព្យរដ្ឋជាង២០គ្រឿង ត្រូវកម្លាំងគយចល័ត ដែលដឹកនាំដោយលោក ព្រាប គារ៉ាត បើកប្រតិបត្តិការបង្រ្កាប និងចាប់ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨និង១៩ខែធ្នូ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិឡើងនៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខ និង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ សហការជាមួយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការ នៅកណ្ដាលរាជធានីភ្នំពេញឃាត់រថយន្តស្លាកលេខ ខ.មនិងន.ប ជាបន្តបន្ទាប់ក្រោយសមត្ថកិច្ចរកឃើញថាគ្មានចុះក្នុងបញ្ជីទ្រព្យរដ្ឋ ។

តាមប្រភពពីសមត្ថកិច្ចចុះក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា រថយន្តដែលត្រូវបានកម្លាំងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគយ សហការជាមួយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ ឃាត់បានជាច្រើនគ្រឿង ទី១, ររថយន្តម៉ាក FORTUNER ពាក់ខ្មៅ ចង្កូតស្ដាំ ពាក់ស្លាកលេខ ខ.ម02 2-3799 គ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវ ជារបស់លោក ឧត្តមសេនីយ៍ទោ ស៉ី យាង មុខរបរ យោធិន នៅអគ្គបញ្ជាការ ;ទី២ម៉ាកឡិចស៊ីសNX200 ពណ៍ស ពាក់ស្លាកលេខ ខ.ម02 2.0341 ; ទី៣ រថយន្តឡង់គ្រឺស័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ខ.ម01 2.3659 ;ទី៤រថយន្តម៉ាកឡិចស៊ីស350 ពណ៍ត្រេអី ពាក់ស្លាកលេខ ខ.ម01 2.1226 និងរថយន្តស៊េរីទំនើបជាច្រើនគ្រឿងទៀត ។

លោក ព្រាប គារ៉ាត បានលើកឡើងថា កម្លាំងរបស់លោកនិងបន្តសកម្មភាពទប់ស្កាត់រាល់ បទល្មើសជាក់ស្តែង ជាពិសេសទំនិញគេចពន្ធ និងរថយន្តគេចពន្ធទាំងអស់នោះដែលកំពុងចរាចរក្នុងប្រទេសកម្ពុជា ។

បច្ចុប្បន្ន រថយន្តគ្មានពន្ធ ពាក់ស្លាកលេខ ខ.ម និង ន.ប គ្មានចុះ ក្នុងបញ្ជីទ្រព្យរដ្ឋជាង២០គ្រឿងនោះ ត្រូវបានរក្សាទុកនៅទីស្នាក់ការគយ និងរដ្ឋាករ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ដោះស្រាយតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖