ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឡានដឹកឈើល្មើសច្បាប់ពីរគ្រឿងប្រគល់ឲ្យមន្រ្ដីជំនាញរដ្នបាលព្រៃឈើបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្ដឈ្មួញឈើដុះស្លែរចំនួន២គ្រឿងត្រូវបានលោកឧត្តមសេនីយ៏ត្រី ម៉ក់ សុធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ចបញ្ជាផ្ទាល់និងដឹកនាំកម្លាំងដោយលោកវរសេនីយ៏ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបចាប់ប្រគល់ជូនផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចូលក្នុងដេប៉ូ លក់ឈើឈ្មោះយាយ ម៉ាប់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលត្រូវបានគេដឹងថា ជាដេប៉ូមានច្បាប់ តែឈ្មោះ ប៉ុន្ដែលក់ និងទិញឈើគ្មានច្បាប់ ហេតុការណ៍បង្រ្កាបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ទោ ម៉េង សំណាង បានឲ្យដឹងថា រថយន្តដែលបង្ក្រាបទី១ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A3084 ។ ទី២ រថយន្តកូរ៉េច្នៃ ក្បាលខៀវ គ្មានស្លាកលេខ រថយន្ដទាំង២គ្រឿងនេះ បង្ក្រាបក្នុងដេប៉ូយាយម៉ាប់ ។

លោកបន្តថា ក្រោយប្រគល់ជូនមេព្រៃ ដើម្បីរាប់ជាក់ស្តែង រថយន្តទី១ រកឃើញឈើប្រភេទលេខពីរ ២,៧៣ម៉ែត្រគូប ។ ឯរថយន្តទី២ រកឃើញឈើប្រភេទលេខពីរ ៩,០២៤ម៉ែត្រគូប សរុបស្មើ ១១,៧៥៤ម៉ែត្រគូប ចំណែកម្ចាស់រថយន្ដទាំង២បានរត់គេចខ្លួន ។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ដោយបទល្មើសនេះ ជាប្រភេទឈើលេខ២ ជំនាញរដ្ឋបាលព្រៃឈើនឹងទុកពេល៣០ថ្ងៃឲ្យម្ចាស់ចូលខ្លួនបង់ផាកពិន័យជាអន្តរកាល ប៉ុន្តែបើម្ចាស់មិនព្រមចូលខ្លួនទេ នឹងធ្វើរបាយការណ៍បញ្ជូនទៅតុលាការ ៕ ប៊ុនរិទ្ធី


ចែករំលែក៖