ព័ត៌មានទាន់ហេតុការណ៍៖

កាណាដាឱនលំទោន​ សុំចិនឲ្យដោះលែង ពលរដ្ឋ​២នាក់

ចែករំលែក៖

រដ្ឋាភិបាលកាណាដា បានឱនលំទោន​ស្នើសុំចិន​ឲ្យដោះលែងពលរដ្ឋកាណាដា​២រូប ដែលប៉ូលិសចាប់ឃុំខ្លួន សងសឹកទៅនឹងការចាប់ខ្លួន​អគ្គនាយកហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ។

កាសែត The Guardian បានផ្សាយថ្ងៃទី២២ ខែធ្នូថា រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា Chrystia Freeland ថ្លែងថា មានការព្រួយបារម្ភជ្រាលជ្រៅការឃុំខ្លួន​ទាំងបំពានដោយប៉ូលិសក្រុងប៉េកាំង​លើពលរដ្ឋកាណាដា​២រូប កាលពីដើមខែធ្នូ និងបានអំពាវនាវ​ឲ្យដោះលែងជាបន្ទាន់ ហើយមន្ត្រីទូត​ចិន​ប្រចាំនៅកាណាដា ត្រូវបានកោះស្តាប់ការប្រឆាំងតវ៉ា​នេះផងដែរ ។

ជាមួយគ្នានេះដែរ អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប​បាន​ថ្លែងគាំទ្រ​ចំពោះ​កាណាដា ដែលស្នើឲ្យប៉ូលិសចិនដោះលែងពលរដ្ឋកាណានេះផងដែរ ។

គួរបញ្ជាក់ថា ដំណើរដើមទង​នាំឲ្យមាន​ការប្រឈម​មុខ​តានតឹងផ្នែកការទូត​រវាងកាណាដា នឹងចិន នេះបន្ទាប់ពីកាល​ពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨ លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុ​​ក្រុមហ៊ុន Huawei តាមសំណើរបស់អាមេរិក ប៉ូលិសកាណាដា​បានចាប់ខ្លួន ហើយកំពុងរង់ចាំធ្វើបត្យាប័ន​ទៅកាន់​អាមេរិក ដើម្បីទទួលទោស តាមអ្វីដែលអាមេរិក​បានចោទថា អគ្គនាយកហិរញ្ញវត្ថុ​ក្រុមហ៊ុន​យក្សចិនមួយនេះ បានបំពាន​​ធ្ងន់ធ្ងរ​ច្បាប់ដាក់ទណ្ឌកម្ម​អាមេរិក​ទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ ។

កាលណោះភ្លាមៗ ចិន​បានស្នើឲ្យកាណាដាដោះលែងអ្នកស្រី Meng Wanzhou ពីមន្ទីរឃុំឃាំង​កាណាដា ប៉ុន្តែ​រដ្ឋាភិបាល​កាណាដា ហាក់មិនបានយកចិត្តទុកដាក់ស្តាប់​​តាមការចង់បានរបស់ចិន បើទោះបី​ចិន​គំរាមថា កាណាដាអាចនឹងប្រឈមនូវផលវិបាកជាមួយគ្នាយ៉ាងណាក៏ដោយ ។

នៅ៩ថ្ងៃបន្ទាប់មកទៀត ចិនក៏​បានចាប់ឃុំខ្លួនពលរដ្ឋកាណាដា២រូប គឺអតីត​មន្ត្រីទូត​ឈ្មោះ Michael Kovrig និង​សហគ្រិន Michael Spavor ដោយចោទថា បានធ្វើសកម្មភាពគំរាមកំហែងដល់សន្តិសុខចិន ហើយការឃុំខ្លួន​នេះ ត្រូវគេមើលឃើញថា ជាការសងសឹក​ទៅលើកាណាដា​​ពាក់ព័ន្ធ​រឿងរ៉ាវ​អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei នោះឯង ៕


ចែករំលែក៖