រដ្ឋាភិបាលកាណាដា បានឱនលំទោនស្នើសុំចិនឲ្យដោះលែងពលរដ្ឋកាណាដា២រូប ដែលប៉ូលិសចាប់ឃុំខ្លួន សងសឹកទៅនឹងការចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។
កាសែត The Guardian បានផ្សាយថ្ងៃទី២២ ខែធ្នូថា រដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា Chrystia Freeland ថ្លែងថា មានការព្រួយបារម្ភជ្រាលជ្រៅការឃុំខ្លួនទាំងបំពានដោយប៉ូលិសក្រុងប៉េកាំងលើពលរដ្ឋកាណាដា២រូប កាលពីដើមខែធ្នូ និងបានអំពាវនាវឲ្យដោះលែងជាបន្ទាន់ ហើយមន្ត្រីទូតចិនប្រចាំនៅកាណាដា ត្រូវបានកោះស្តាប់ការប្រឆាំងតវ៉ានេះផងដែរ ។
ជាមួយគ្នានេះដែរ អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានថ្លែងគាំទ្រចំពោះកាណាដា ដែលស្នើឲ្យប៉ូលិសចិនដោះលែងពលរដ្ឋកាណានេះផងដែរ ។
គួរបញ្ជាក់ថា ដំណើរដើមទងនាំឲ្យមានការប្រឈមមុខតានតឹងផ្នែកការទូតរវាងកាណាដា នឹងចិន នេះបន្ទាប់ពីកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៨ លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei តាមសំណើរបស់អាមេរិក ប៉ូលិសកាណាដាបានចាប់ខ្លួន ហើយកំពុងរង់ចាំធ្វើបត្យាប័នទៅកាន់អាមេរិក ដើម្បីទទួលទោស តាមអ្វីដែលអាមេរិកបានចោទថា អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនយក្សចិនមួយនេះ បានបំពានធ្ងន់ធ្ងរច្បាប់ដាក់ទណ្ឌកម្មអាមេរិកទៅលើរដ្ឋាភិបាលអ៊ីរ៉ង់ ។
កាលណោះភ្លាមៗ ចិនបានស្នើឲ្យកាណាដាដោះលែងអ្នកស្រី Meng Wanzhou ពីមន្ទីរឃុំឃាំងកាណាដា ប៉ុន្តែរដ្ឋាភិបាលកាណាដា ហាក់មិនបានយកចិត្តទុកដាក់ស្តាប់តាមការចង់បានរបស់ចិន បើទោះបីចិនគំរាមថា កាណាដាអាចនឹងប្រឈមនូវផលវិបាកជាមួយគ្នាយ៉ាងណាក៏ដោយ ។
នៅ៩ថ្ងៃបន្ទាប់មកទៀត ចិនក៏បានចាប់ឃុំខ្លួនពលរដ្ឋកាណាដា២រូប គឺអតីតមន្ត្រីទូតឈ្មោះ Michael Kovrig និងសហគ្រិន Michael Spavor ដោយចោទថា បានធ្វើសកម្មភាពគំរាមកំហែងដល់សន្តិសុខចិន ហើយការឃុំខ្លួននេះ ត្រូវគេមើលឃើញថា ជាការសងសឹកទៅលើកាណាដាពាក់ព័ន្ធរឿងរ៉ាវអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei នោះឯង ៕