កាសែតរ៉យទ័របានផ្សាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអេហ្ស៊ីបបានតែងតាំងមេចារកម្មយោធាថ្មី មួយរូបដើម្បីឲ្យដឹកនាំអង្គភាពចារកម្មនេះបន្តទៀត ក្រោយពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដទៃផ្សេងទៀតទើបតែត្រូវបានផ្លាស់ប្តូរបន្តបន្ទាប់ ។
ប្រភពផ្សាយថា មេបញ្ជាការជាន់ខ្ពស់ Khaled Megawer ត្រូវបានតែងតាំងជាប្រធានចារកម្មយោធា ប្រទេសនេះ ជំនួសអតីតមេចារកម្ម Mohamed al-Shahat ។
រដ្ឋាភិបាលអេហ្ស៊ីប ក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្ន Abdel Fattah al-Sisi ដែលជាអ្នកដឹកនាំធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដោយសេរីដំបូងគេនៅប្រទេសអេហ្ស៊ីបMohamed Mursi នៃគណបក្សបងប្អូនមូស្លីមនោះ បានប្រគល់តួនាទីយ៉ាងសំខាន់ដល់ស្ថាប័នចារកម្មយោធា និងកម្លាំងយោធាដើម្បីជាអ្នកសម្រេចកិច្ចការសំខាន់ៗសម្រាប់ប្រទេសជាតិ ។
ប្រភពបន្តថា គ្មានមូលហេតុច្បាស់លាស់ដែលអតីតចារកម្មចាស់ត្រូវបានផ្លាស់ប្តូរនោះឡើយ ប៉ុន្តែប្រធានាធិបតី Sisi កន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែរុះរើរដ្ឋមន្ត្រីសំខាន់ៗ ក្នុងនោះ ផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់ច្រើនរូប, រដ្ឋមន្ត្រីមហាផ្ទៃ និងប្រធានចារកម្មយោធាជាដើម ។
លោកមេបញ្ជាការជាន់ខ្ពស់ Abbas Kamel ត្រូវលោក Sisi តែងតាំងជានាយចារកម្មយោធាកាលពីខែមិថុនា, ២សប្តាហ៍ បន្ទាប់ពីផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ៕