ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល​រំលាយរដ្ឋសភា ត្រៀមបោះឆ្នោត ​មុនពេលគ្រោងទុក

ចែករំលែក៖

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ Benjamin Netanyahu ​កាលពីថ្ងៃទី​២៤ ខែធ្នូ បានប្រកាសថា អ៊ីស្រាអែល នឹងរៀបចំបោះឆ្នោតមុនកំណត់ ដោយមិនអាចរង់ចាំដល់​ខែវិច្ឆិកាឆ្នាំ ២០១៩នោះឡើយ ។

នៅពេលនេះ អ៊ីស្រាអែលបានសម្រេចយកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ​ជាថ្ងៃបោះឆ្នោត​សកល​ មិនមែន​ដូចការគ្រោងទុកនៅខែវិច្ឆិកា​នោះទេ ដោយ​យោងទៅលើសភាពចាំបាច់​ ផ្នែកថវិកា និងដោះស្រាយបញ្ហាជាតិ ។

លោកណេតាន់ យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បើទោះបីមានរឿង​អាស្រូវ​ប្រព្រឹត្តអំពើពុករលួយ​ក៏ពិតមែន ប៉ុន្តែ​ទំនងជាមិនអាច​រុញច្រាន​លោក​របូតចេញពីតំណែង​ដ៏សំខាន់​មួយនេះបានឡើយ ហើយលោកនឹងក្លាយមេដឹកនាំ​យូរជាងគេនៅក្នុងប្រទេសអ៊ីស្រាអែល ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Ayelet Shaked បានថ្លែង​ថា រដ្ឋាភិបាលបាននិងកំពុងត្រៀមរៀបចំតាក់តែងច្បាប់​មួយដើម្បីរំលាយ​សភា មុនពេលដែលរៀបចំបោះឆ្នោតសកល​ថ្ងៃទី៩ ខែមេសា ។ ការបោះឆ្នោត​មិនរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩នោះឡើយ ។

ចំណែកខាងមេដឹកនាំប្រឆាំងវិញ Tzipi Livni និងលោក Avi Gabbay ប្រធានគណបក្សពលកម្ម ដែលជាផ្នែកមួយនៃសម្ព័ន្ធសហភាព​ Zionist បានស្វាគមន៍​ការបោះឆ្នោត​មុនពេលកំណត់នេះដែរ ។

លោក Livni និយាយថា ក្តីសង្ឃឹមបាននិងកំពុងវិលត្រឡប់មកហើយ ពលរដ្ឋអ៊ីស្រាអែល អ្នកអាចដកដង្ហើម​បន្ថយ​​ការឈឺចាប់បានហើយ ។ នៅលើផ្លូវដែលកំពុងតែដើរនេះ ណេតាន់យ៉ាហ៊ូ កំពុងតែបំផ្លាញ​នូវអ្វីដែលសេសសល់ពីរបបលទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល ប៉ុន្តែ​យើង​នឹងធ្វើ​ជាជញ្ជាំង​ថ្មរឹងមាំ ទប់ទល់ប៉ុនប៉ងបែបនេះ ។

លោកណេតាន់ យ៉ាហ៊ូ ក្លាយជានាយករដ្ឋមន្ត្រី​ជាង១២ឆ្នាំមកហើយ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ និងម្តងទៀត​នៅឆ្នាំ២០០៩ ៕


ចែករំលែក៖