នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី២៤ ខែធ្នូ បានប្រកាសថា អ៊ីស្រាអែល នឹងរៀបចំបោះឆ្នោតមុនកំណត់ ដោយមិនអាចរង់ចាំដល់ខែវិច្ឆិកាឆ្នាំ ២០១៩នោះឡើយ ។
នៅពេលនេះ អ៊ីស្រាអែលបានសម្រេចយកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ជាថ្ងៃបោះឆ្នោតសកល មិនមែនដូចការគ្រោងទុកនៅខែវិច្ឆិកានោះទេ ដោយយោងទៅលើសភាពចាំបាច់ ផ្នែកថវិកា និងដោះស្រាយបញ្ហាជាតិ ។
លោកណេតាន់ យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បើទោះបីមានរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយក៏ពិតមែន ប៉ុន្តែទំនងជាមិនអាចរុញច្រានលោករបូតចេញពីតំណែងដ៏សំខាន់មួយនេះបានឡើយ ហើយលោកនឹងក្លាយមេដឹកនាំយូរជាងគេនៅក្នុងប្រទេសអ៊ីស្រាអែល ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Ayelet Shaked បានថ្លែងថា រដ្ឋាភិបាលបាននិងកំពុងត្រៀមរៀបចំតាក់តែងច្បាប់មួយដើម្បីរំលាយសភា មុនពេលដែលរៀបចំបោះឆ្នោតសកលថ្ងៃទី៩ ខែមេសា ។ ការបោះឆ្នោតមិនរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩នោះឡើយ ។
ចំណែកខាងមេដឹកនាំប្រឆាំងវិញ Tzipi Livni និងលោក Avi Gabbay ប្រធានគណបក្សពលកម្ម ដែលជាផ្នែកមួយនៃសម្ព័ន្ធសហភាព Zionist បានស្វាគមន៍ការបោះឆ្នោតមុនពេលកំណត់នេះដែរ ។
លោក Livni និយាយថា ក្តីសង្ឃឹមបាននិងកំពុងវិលត្រឡប់មកហើយ ពលរដ្ឋអ៊ីស្រាអែល អ្នកអាចដកដង្ហើមបន្ថយការឈឺចាប់បានហើយ ។ នៅលើផ្លូវដែលកំពុងតែដើរនេះ ណេតាន់យ៉ាហ៊ូ កំពុងតែបំផ្លាញនូវអ្វីដែលសេសសល់ពីរបបលទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល ប៉ុន្តែយើងនឹងធ្វើជាជញ្ជាំងថ្មរឹងមាំ ទប់ទល់ប៉ុនប៉ងបែបនេះ ។
លោកណេតាន់ យ៉ាហ៊ូ ក្លាយជានាយករដ្ឋមន្ត្រីជាង១២ឆ្នាំមកហើយ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ និងម្តងទៀតនៅឆ្នាំ២០០៩ ៕