ព័ត៌មានទាន់ហេតុការណ៍៖

វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានព្រឹទ្ធសភា អនុម័តជាស្ថាពរ

ចែករំលែក៖

ភ្នំពេញ ៖ វិសោធនកម្មមាត្រា៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រឹទ្ធសភាអនុម័តហើយ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយសំឡេងគាំទ្រ ទាំងស្រុង៥៦ លើ៥៦ ដើម្បីផ្ដល់ ឱកាសឲ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន ទទួលបានសិទ្ធធ្វើនយោបាយ ឡើងវិញនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំ ពិនិត្យនិងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីបរធនបាលកិច្ច នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពក្រោមអធិបតីភាពសម្ដេច វិបុលសេនា ភក្តី សាយ ឈុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ នេះ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា សមាជិកព្រឹទ្ធសភាទាំង៥៦រូបលើ៥៦រូប បានអនុម័តជាស្ថាពរហើយនូវវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយដែលរដ្ឋសភាជាតិ បានសម្រេច កាលពីថ្ងៃទី១៣ កន្លងទៅនេះ។ ប៉ុន្តែការសម្រេចនេះ គឺផ្តល់ឱកាសដល់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន តែប៉ុណ្ណោះមិនមែនទាំង១១៨រូបនោះទេ។សេចក្តីស្នើច្បាប់ ត្រូវបានសមាជិកព្រឹទ្ធសភា ចំនួន៥៦រូប បានលើកដៃអនុម័តទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៤ ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយសម័យប្រជុំបានបញ្ចប់ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ថា ការធ្វើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) ដែលត្រូវព្រឹទ្ធសភា អនុម័តនេះ គឺមានគោលបំណងដើម្បីបើកផ្លូវ ឬច្រកឲ្យអ្នកនយោបាយមានសិទ្ធិធ្វើនយោបាយ ឬនីតិសម្បទាឡើងវិញ ក្រោមការផ្តល់នីតិសម្បទាដោយព្រះមហាក្សត្រ តាមសំណើស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី តាមសំណើពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបានបញ្ជាក់ថា ”ការផ្តល់សិទ្ធិធ្វើនយោបាយនេះ សុំឲ្យកុំបកស្រាយយល់ច្រឡំ គឺផ្តល់សិទ្ធិដល់អ្នកនយោបាយណា ដែលគោរពច្បាប់ ហើយមិនមែនទាំងស្រុងនោះទេ។ គឺឲ្យបុគ្គលមួយចំនួនបានគោរពច្បាប់ ហើយមិនធ្វើសកម្មភាពណាមួយផ្ទុយពីសាលាដីការបស់តុលាការកំពូល គាត់នឹងទទួលបាននីតិសម្បទាឡើងវិញ។ ដោយបង្ហាញថា គាត់ជាជនស្នេហាជាតិ គាត់ចង់ចូលរួមជួយដល់សង្គមជាតិ ដោយមិនបានធ្វើអ្វីមួយប៉ះពាល់ដលសង្គម! នេះសុំសូមបញ្ជាក់អីញ្ចឹង!”។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យព្រឹទ្ធសភា ក៏បានលើកឡើងទៀតថា ចំពោះបុគ្គលមួយចំនួន ដែលយកសិទ្ធិដែលតុលាការកំពូល ចេញសាលដីកាហាមឃាត់មិនឲ្យនយោបាយ ប៉ុន្តែគាត់នៅតែរឹងទន្ទឹងធ្វើនយោបាយនោះ ឬធ្វើការអុកឡុក ឬធ្វើចលនានៅតាមមូលដ្ឋានខុសនឹងច្បាប់ គឺយើងមិនអនុញ្ញាតនោះទេ។

លោក ម៉ម ប៊ុននាង ក៏បានលើកឡើងថា ច្បាប់នេះ មិនធ្វើនយោបាយតែសម្រាប់គណបក្សនយោបាយណាមួយ ឬបុគ្គលណាមួយទេ គឺធ្វើសម្រាប់គណបក្សនយោបាយ និងបុគ្គលណាមួយ ដែលត្រូវបានតុលាការកំពូល ហាមឃាត់ ឬមានទោសទណ្ឌ ដោយសារមិនឲ្យធ្វើនយោបាយនោះ ក៏ត្រូវបានលើកឡើងលែងដែរ មិនថា បក្សប្រឆាំង ឬបក្សណាមួយទេ។

លោកបញ្ជាក់ថា «ច្បាប់នេះ ធ្វើសម្រាប់ជនរួមជាតិ ដែលស្នេហាជាតិ ចង់បម្រើជាតិ ធ្វើដើម្បីជាតិ ហើយជាគោលបំណងរបស់ថ្នាក់ដឹកនាំ ដែលចង់ផ្សះផ្សារជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផងដែរ»។

លោក ម៉ម ប៊ុននាង ក៏បានឲ្យដឹងថា សេចក្តីស្នើវិសោធនកម្មច្បាប់មាត្រា៤៥ថ្មី(ស្ទួន) ត្រូវបានសមាជិកព្រឹទ្ធសភា ចំនួន៥៦រូប លើសមាជិកសភា៥៦រូប លើកដៃអនុម័ត៕

សូមរំលឹកថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៦ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ តុលាការកំពូលបានសម្រេច រំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងហាមឃាត់មន្ត្រីគណបក្ស ចំនួន ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយសេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចស្ថាពរដោយបិទផ្លូវតវ៉ា។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយមន្ត្រីមួយចំនួនក្នុងចំណោមមន្ត្រីទាំង១១៨ ទាំងនោះ នឹងមានឱកាសធ្វើនយោបាយឡើងវិញនាពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីច្បាប់នេះ អនុវត្តន៍ជាស្ថាពរនោះ៕


ចែករំលែក៖