ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភា សម្រេចទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្ដីពីបរធនបាលកិច្ច

ចែករំលែក៖

ភ្នំពេញៈ ព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីបរធនបាលកិច្ច ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ និងបង្កើនថវិកាជាតិ។

ការសម្រេចនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព្រឹទ្ធសភាកម្ពុជា។

លោក ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសាព័ត៌មានថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាព លើសេចក្តីព្រាងច្បាប់ ស្តីពីបរធនបាលកិច្ច ដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

លោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ ដូចជា ១-បង្កើនការវិនិយោគក្នុងស្រុក ដែលជាប្រភពនៃការបន្ថែមចំណូលពន្ធជាតិ ២-ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និង៣-ផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុន និងប្រភពទុនលើគ្រប់វិស័យ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញទំនុកចិត្តបន្ថែមពីដៃគូអភិវឌ្ឍន៍នានា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ បានអះអាងថា សេចក្តីព្រាងច្បាប់ ស្តីពីបរធនបាលកិច្ច គឺជាវិស័យហិរញ្ញវត្ថុថ្មីមួយសម្រាប់កម្ពុជា ហើយវិស័យមួយនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គមកម្ពុជា ឲ្យកាន់តែមានភាពជឿនលឿន ពិពិធកម្ម ឆ្លើយតបទៅនឹងបរិបទថ្មីៗ នៃវិស័យហិរញ្ញវត្ថុសកល ដើម្បីជាការធានា និងទាក់ទាញនូវភាពជឿទុកចិត្តពីដៃគូអភិវឌ្ឍន៍នានា។

លោកបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងមូលនិធិហិរញ្ញប្បទានឥតសំណង ឬអនុបំណុល ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្នមូលនិធិទាំងនោះ កំពុងគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន។

ដោយពិនិត្យឃើញនូវភាពចាំបាច់នៃវិសាលភាពទូលំទូលាយ ក្នុងវិស័យបរធនបាលកិច្ច ដែលមិនត្រឹមតែគ្របដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ វិស័យនេះ មានវិសាលភាពគ្របដណ្តប់លើវិស័យធានារ៉ាប់រង និងសោធន វិស័យអចលនទ្រព្យ វិស័យមូលបត្រ និងវិស័យផ្សេងៗទៀត នៅក្នុងសេដ្ឋកិច្ច និងសង្គមផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៨ជំពូក ចែកជា៥៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១១៤សំឡេង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦៕


ចែករំលែក៖