ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកកាំបិតកាប់គេបណ្ដាលឲ្យរបួសពុំដឹងមានមូលហេតុត្រូវប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមួម៉ៅមានរឿងអ្វី បានបើកម៉ូតូដោយមានកាន់កាំបិតខ្វេងក្នុងដៃ រួចរករឿងអ្នកដទៃ រហូតយកកាំបិតទៅកាប់បុរសម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ត្រូវប៉ូលិសធ្វើការចាប់ខ្លួន ។ ករណីហិង្សារដោយចេតនាខខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២២និង១០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប៉ូលិសស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ស៊ឺន គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ហម ពក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល (រងរបួសដេរចំនួន៧ថ្នេរ ។

ចំណែកវត្ថុតាងដកហូតបានមាន កាំបិតខ្វែវចំនួន ០១ និងម៉ូតូ ០១ គ្រឿង ម៉ាកYAMAHA ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1Z-6320 ។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២១ ជនសង្ស័យ ឈ្មោះ ស៊ឺន គឹមហុង បានជិះម៉ូតូរបស់ខ្លួនឆ្ពោះមកអាស្របរបស់លោកតាទិត្យ នៅខាងមុខវត្តឥន្ទលីបូរណ៍ ដោយក្នុងដៃមានកាន់កាំបិតខ្វែវ១ដើមផងដែរ លុះជិះមកដល់អាស្រមលោកតាទិត្យ ជនសង្ស័យបានធ្វើសកម្មភាពអុកឡុករករឿង និងយកកាំបិតដែលនៅក្នុងដៃនោះបម្រុងរកកាប់កាប់លោកតាទិត្យទៀតផង ដោយពុំដឹងជាមានមូលហេតុអ្វីនោះទេ បន្ទាប់ពីធ្វើការអុកឡុករួច ជនសង្ស័យក៏ជិះម៉ូតូចេញពីអាស្រមលោកតាទិត្យទៅទិសខាងជើង ខណៈមកដល់ហាងកាហ្វេរបស់ឈ្មោះ ផែន ដារ៉ា ហៅ ផាន់ ជនសង្ស័យក៏ឈប់ហើយចុះពីលើម៉ូតូធ្វើការអុកឡុករករឿងម្ចាស់ហាងកាហ្វេបន្តទៀត និងយកកាំបិតខ្វែវដេញកាប់ឈ្មោះ ផែន ដារ៉ា ទៀតផង ។ ដោយមានការភ័យខ្លាចពេកឈ្មោះ ផែន ដារ៉ា បានរាយការណ៍ជូនប៉ូលិសប៉ុស្តិ៍ពុកឬស្សី ដើម្បីចាប់ខ្លួនជនសង្ស័តាមច្បាប់ ។

ក្រោយពីប៉ូលិសប៉ុស្តិ៍បានទទួលព័ត៌មានពីឈ្មោះ ផែន ដារ៉ា រួច ភ្លាមនោះក៏ចុះដល់កន្លែងកើតហេតុ ស្របពេលនោះឈ្មោះ ហម ពក (ជនរងគ្រោះ)ដែលជាកូនសិស្សលោកតាទិត្យក៏បានទៅដល់កន្លែងកើតហេតុដែរ ហើយបានចូលទៅជួយឃាត់ និងដណ្តើមកាំបិតខ្វែវពីឈ្មោះ ស៊ឺន គឹមហុង (ជនសង្ស័យ) ភ្លាមនោះស្រាប់តែជនសង្ស័យស្ទុះមកកាប់ឈ្មោះ ហម ពក មួយកាំបិតខ្វែវត្រូវចំកំភួនដៃខាងឆ្វេង បណ្តាលឲ្យមានរបួសស្នាមដេរចំនួន៧ថ្នេរ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ រួមជាមួយប្រជាពលរដ្ឋ បានចូលចាប់ឃាត់ឈ្មោះ ស៊ឺន គឹមហុង (ជនសង្ស័យ)បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖