ការបង្កើនទំនាក់ទំនងទំនាក់ទំនងជាមួយប្រទេសវេណេហ៊្សុយអេឡា របស់រុស្ស៊ី ពិតជាមិនអត់ប្រយោជន៍នោះឡើយ ដោយរុស្ស៊ីបានសំឡឹងឃើញធនធានធម្មជាតិ រ៉ែមាស ដ៏សម្បូរបែប នៅក្នុងប្រទេសនេះ ។ ទាំងនោះហើយ បានជារុស្ស៊ីបង្កើនទីតាំងយោធាជាលើកដំបូងនៅក្នុងប្រទេសនេះដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ីនៅទីនោះ ។
នៅពេលនេះ មន្ត្រីវេណេហ៊្សុយអេឡា បានសម្រេច បើកភ្លើងខៀវ ដល់បណ្តាក្រុមហ៊ុនរុស្ស៊ី ចូលរួមក្នុងការខួងយករ៉ែមាសដ៏សម្បូរបែបនៅទីនេះ ។ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅវេណេហ៊្សុយអេឡា លោក Vladimir Zaemsky បានប្រកាសឲ្យដឹងថា វេណេហ៊្សុយអេឡា បានផ្តល់អាទិភាពដល់ប្រទេសរុស្ស៊ីនៅក្នុងការខួងរ៉ែមាស ពេជ្រក្នុងប្រទេសនេះ ។
តាមរបាយការណ៍របស់សមាគមនមាសពិភពលោក បានប្រកាសឲ្យដឹងថា នៅក្នុងប្រទេសវេណេហ៊្សុយអេឡាមានមាសប្រមាណ ១៥០តោន ឈរលំដាប់ទី២៥ នៅលើពិភពលោក ។ ប៉ុន្តែវេណេហ៊្សុយអេឡា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយការដាក់ទណ្ឌកម្មពីអាមេរិក ។ ចាប់តាំងពីដើមឆ្នាំ២០១៨មក ទីក្រុងវ៉ាស៊ីនតោនបានហាមប្រាមពលរដ្ឋអាមេរិក និងបណ្តាក្រុមហ៊ុន បញ្ឈប់ការរកស៊ីជាមួយវេណេហ៊្សុយអេឡា ។
កាលពីដើមខែធ្នូ កន្លងមក វេណេហ៊្សុយអេឡា និងរុស្ស៊ីបានចុះហត្ថលេខា វិនិយោគទឹកប្រាក់៥ពាន់លានដុល្លារ ដើម្បីបង្កើនការខួងយកប្រេង ឡើងដល់១លានបារ៉ែល ក្នុងមួយថ្ងៃ ៕