ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ក្តាប់ឱកាសខួងយករ៉ែមាសនៅក្នុងប្រទេសវេណេហ៊្សុយអេឡា

ចែករំលែក៖

ការបង្កើនទំនាក់ទំនងទំនាក់ទំនងជាមួយប្រទេសវេណេហ៊្សុយអេឡា របស់រុស្ស៊ី ពិតជាមិនអត់ប្រយោជន៍នោះឡើយ ដោយរុស្ស៊ីបានសំឡឹងឃើញធនធានធម្មជាតិ រ៉ែមាស ដ៏សម្បូរបែប នៅក្នុងប្រទេសនេះ ។​ ទាំងនោះហើយ បានជារុស្ស៊ី​បង្កើនទីតាំងយោធាជាលើកដំបូងនៅក្នុងប្រទេសនេះ​ដើម្បីការពារផលប្រយោជន៍របស់រុស្ស៊ីនៅទីនោះ ។

នៅពេលនេះ មន្ត្រីវេណេហ៊្សុយអេឡា បានសម្រេច បើកភ្លើងខៀវ ដល់បណ្តាក្រុមហ៊ុនរុស្ស៊ី ចូលរួម​ក្នុងការខួងយករ៉ែមាសដ៏សម្បូរបែបនៅទីនេះ ។ អគ្គរដ្ឋទូតរុស្ស៊ី​ ប្រចាំនៅវេណេហ៊្សុយអេឡា លោក​ Vladimir Zaemsky ​បានប្រកាសឲ្យដឹងថា វេណេហ៊្សុយអេឡា បានផ្តល់អាទិភាពដល់ប្រទេសរុស្ស៊ីនៅក្នុងការខួង​រ៉ែមាស ពេជ្រ​ក្នុងប្រទេសនេះ ។

តាមរបាយការណ៍របស់សមាគមន​​​​​​​​​មាសពិភពលោក បានប្រកាសឲ្យដឹងថា ​នៅក្នុងប្រទេសវេណេហ៊្សុយអេឡា​មានមាសប្រមាណ ១៥០តោន​ ឈរលំដាប់ទី​២៥ នៅលើពិភពលោក ។ ​ប៉ុន្តែវេណេហ៊្សុយអេឡា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយការដាក់ទណ្ឌកម្មពីអាមេរិក ។ ចាប់តាំងពីដើមឆ្នាំ​២០១៨មក ទីក្រុងវ៉ាស៊ីនតោន​បានហាមប្រាមពលរដ្ឋអាមេរិក និងបណ្តាក្រុមហ៊ុន បញ្ឈប់ការរកស៊ីជាមួយវេណេហ៊្សុយអេឡា ។

កាលពីដើមខែធ្នូ កន្លងមក វេណេហ៊្សុយអេឡា និងរុស្ស៊ីបានចុះហត្ថលេខា វិនិយោគ​ទឹកប្រាក់៥ពាន់លានដុល្លារ ដើម្បីបង្កើនការខួងយកប្រេង ឡើងដល់​១លានបារ៉ែល ក្នុងមួយថ្ងៃ ៕


ចែករំលែក៖