ភ្នំពេញ៖ ករណីកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ទំនងបញ្ចប់ដោយការសម្របសម្រួលគ្នា ។
លោកហេង ឡុង ស្វាមីលោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បញ្ជាក់ថា “មានសង្ឃឹមហើយបងប្អូន យុត្តិធម៌ពិតជាមាន អរគុណសម្រាប់ការចែករំលែកជូនមហាជនជ្រាបជាព័ត៌មាន ។
លោក ហេង ឡុង បន្តថា បន្ទាប់ពីចំណាយពេលជាមួយមេធាវីផ្ទាល់ខ្លួនរបស់កញ្ញាទេពបូព្រឹក្ស និងតំណាងជនបង្ក ក្រោមការសម្របសម្រួលរបស់សមាគមសិល្បករខ្មែរ អស់រយៈពេលជាង៣ម៉ោងនៅរសៀលថ្ងៃទី២៦ ខែធ្នូ នេះ ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយសន្តិវិធី ។ ប៉ុន្តែមិនទាន់មានការព្រមព្រៀងនៅឡើយទេ នឹងបន្តជួបគ្នាជាមួយជនបង្កដោយផ្ទាល់នៅព្រឹកស្អែកម៉ោង៩ (ថ្ងៃទី២៧ខែធ្នូ)
លោកហេង ឡុង សង្កត់ធ្ងន់ថា កញ្ញាទេព បូព្រឹក្ស បានដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌទួលគោករួចហើយ ទោះជាមានការសម្របសម្រួលសំណងរដ្ឋប្បវេណីក៏ដោយ ក៏បណ្ដឹងអាជ្ញានៅតែបន្ត មានន័យថាអាចមានទោស ហើយករណីម្ចាស់ហាង ប្រសិនបើតុលាការរកឃើញថាបំផ្លាញភស្តុតាងមែននោះអាចនឹងមានទោសព្រហ្មទណ្ឌរហូតដល់ជាប់គុក ៕ ចេស្តា