ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញរណ្តៅកប់​សាកសពរួម​​ ២៧៨នាក់​ នៅប្រទេសស្រីលង្កា

ចែករំលែក៖

មន្ត្រីអ្នកស្រាវជ្រាវ​បាននិយាយ​កាលពីថ្ងៃសុក្រថា រណ្តៅកប់សាកសពរួម រហួតដល់​២៧៨​នាក់​ ត្រូវបានរកឃើញ នៅក្នុងប្រទេសស្រីលង្កា ចាប់តាំងពីប្រទេសនេះ បញ្ចប់សង្រ្គាមស៊ីវិល រយៈពេលជិតមួយទសវត្សរ៍មក ។

លោក Samindra Rajapakshe មន្ត្រីជាន់ខ្ពស់​ផ្នែកវេជ្ជសាស្ត្រ បាននិយាយថា មនុស្សរាប់សិបនាក់ មានស្ត្រី កុមារ និងបុរស ត្រូវបានកប់រួម​នៅក្នុងរណ្តៅតែមួយ ស្ថិតនៅតំបន់ Mannar ទីដែលក្រុមឧទ្ទាម តាមិល(Tamil) បានប្រយុទ្ធស្លាប់រស់ជាមួយកងកម្លាំងសន្ដិសុខ រដ្ឋាភិបាល អំឡុងពេលប្រទេសជាតិមានសង្គ្រាមកើតឡើង ។

លោក Rajapakshe បានបន្តថា រណ្តៅសាកសពដ៏ធំមួយនេះ​ បានរកឃើញ​ដោយ​កម្មករសំណង់​ តាំងពីខែមីនា ឆ្នាំ២០១៨ ពេលដែលកំពុងរៀបចំសាងសង់​ទីកន្លែងសហករណ៍​មួយ​នៅទីនោះ ហើយរហូតមកដល់ពេលនេះ មានរយៈពេល​១១៨ថ្ងៃ យើងបានរកឃើញ​គ្រោងឆ្អឹងសាកសពសរុប​២៧៨​នាក់ មានស្ត្រី កុមារ និងមនុស្សប្រុស កប់រួមចូលគ្នា ក្នុងរណ្តៅតែមួយ ។

លោកបន្តថា ជនរងគ្រោះមួយចំនួន​ហាក់​ត្រូវ​បានគេចងភ្ជាប់គ្នា ប៉ុន្តែ​ទោះបីយ៉ាងណា​ខាងកោសល្យវិច័យ​កំពុងដំណើរការ ការងាររបស់ខ្លួនបន្ថែមទៀត ​ដើម្បី​រកមូលហេតុ​ឲ្យឃើញច្បាស់ ។

តំបន់ Mannar គឺជាទីតាំងសមរភូមិដ៏សំខាន់មួយ ក្នុងសង្គ្រាមទាមទារបំបែករដ្ឋ រយៈពេលបួនទសវត្សរ៍ របស់ប្រទេសស្រីលង្កា ដែលក្រុមខ្លាតាមិល បានធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល ។ សង្រ្គាមមួយនេះ បានបញ្ចប់នៅក្នុងឆ្នាំ ២០០៩ បន្ទាប់ពីការវាយលុកផ្នែកយោធាទ្រង់ទ្រាយធំ ។

គណៈកម្មាធិការមួយ តែងតាំងដោយរដ្ឋាភិបាលបាននិយាយនៅឆ្នាំ២០១៣ថា មានមនុស្សប្រហែល 19 000 នាក់បានបាត់ខ្លួន ចាប់តាំងពីជម្លោះកើតឡើង ក្នុងនោះរួមមានទាំងកងទ័ព៥ពាន់នាក់ផងដែរ ៕

 


ចែករំលែក៖