ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហាររថយន្តដឹកអ្នកទេសចរណ៍​នៅអេហ្ស៊ីប ស្លាប់​និងរបួសជាង១០នាក់

ចែករំលែក៖

រថយន្តក្រុងដឹកភ្ញៀវទេសចរណ៍​មួយគ្រឿង ​បានរងការវាយប្រហារគ្រាប់បែក ពីសំណាក់ក្រុមភេរវកម្ម​ស្ថិតនៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីតំបន់​ Gasa ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។

ហេតុការណ៍វាយប្រហារនេះ បណ្តាលឲ្យភ្ញៀវទេសចរណ៍​វៀតណាម​៣នាក់ និងអ្នកមគ្គុទេសក៍ទេសចរណ៍អេហ្ស៊ីបម្នាក់​​ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួស ។

មួយឆ្នាំកន្លងមកហើយ នៅក្នុងប្រទេសអេហ្ស៊ីប មិនធ្លាប់មាន​ការវាយប្រហារភេរវកម្ម​ទៅលើភ្ញៀវទេសចរណ៍បែបនេះឡើយ ។ វិស័យ​ទេសចរណ៍​នៅក្នុងប្រទេសនេះ​ត្រូវគេដឹងថា បាននិងកំពុងមានសន្ទុះងើបឡើងវិញ ជួយជ្រោងសេដ្ឋកិច្ចប្រទេស​ឲ្យមានភាពរីកចម្រើន ក្រោយពីវិស័យ​មួយនេះ​ធ្លាក់ដាំក្បាលចុះក្រោយ​ការបះបោរឆ្នាំ២០១១ ។

ក្រុមរដ្ឋអិស្លាម​ជ្រុលនិយម និងបណ្តាញភេរវកម្ម​ដទៃផ្សេងទៀត​ នាគ្រាកន្លង​មក ការវាយប្រហាររបស់ពួកគេនៅអេហ្ស៊ីប តែងតែគោលដៅ​ទៅលើអ្នកទេសចរណ៍បរទេស ប៉ុន្តែ​ការបំផ្ទុះគ្រាប់បែកនៅគ្រានេះ គឺមិនទាន់មានក្រុមណាមួយទទួលស្គាល់ឡើយ។

ក្នុងចំណោមអ្នករងរបួស​ មានអ្នកទេសចរណ៍វៀតណាម​៩នាក់ និងអ្នកបើកបរ​ម្នាក់ជាជនជាតិអេហ្ស៊ីប ។ ក្រសួងមហាផ្ទៃអេហ្ស៊ីប​ប្រកាសថា ឧបករណ៍​គ្រឿងផ្ទុះលាក់ទុក​នៅជញ្ជាំងរបង​​នៅផ្លូវ Marioutiya ហើយផ្ទុះ​ទៅលើរថយន្តក្រុងនេះ​នៅវេលាម៉ោង១៨និង១៥នាទី ម៉ោងនៅក្នុងតំបន់ ។

មន្ត្រីក្នុងតំបន់ និយាយប្រាប់ទូរទស្សន៍ Extra News TV ថា “រថយន្ដក្រុងនេះបានវង្វេងទិសចេញពីផ្លូវដែលត្រូវបានធានាដោយកងកម្លាំងសន្តិសុខ” ។

ដំបូង​ក្រសួងមហាផ្ទៃ​និយាយថា មានតែ​ភ្ញៀវទេសចរណ៍២នាក់ស្លាប់ ប៉ុន្តែក្រោយ​មក​ អ្នកទេសចរម្នាក់ទៀត​ស្លាប់ ធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិត​កើន​៤នាក់ ។ ភ្ញៀវទេសចរណ៍ជនជាតិវៀតណាមទាំង​១៤នាក់​​ធ្វើដំណើរ​តាមរថយន្តទេសចរណ៍​ដែលរងការវាយប្រហារនេះ ។

ប៉ូលិស ទាហានអេហ្ស៊ីប​បានធ្វើយុទ្ធនាការប្រឆាំងក្រុមឧទទាមកាលពីដើមឆ្នាំមកម្ល៉េះ គោលដៅ​ទៅលើឧបទ្វីប Sinai និង​តំបន់ភាគខាងត្បូង​ និងព្រំដែន​ជាមួយលីប៊ី ។

រដ្ឋាភិបាលបានចាត់ទុក​ការប្រយុទ្ធ​ជាមួយក្រុមរដ្ឋអិស្លាម គឺជារឿងអាទិភាពដែលត្រូវតែធ្វើ ដើម្បីស្ដារស្ថេរភាពប្រទេសអេហ្ស៊ីប ក្រោយភាពចលាចលកើតឡើងដោយសារបាតុកម្ម “និទាឃរដូវអារ៉ាប់” ឆ្នាំ 2011នោះ ។

ការវាយប្រហារចុងក្រោយទៅលើអ្នកទេសចរបរទេស នៅអេហ្ស៊ីបគឺនៅខែកក្កដាឆ្នាំ 2017 ធ្វើឲ្យ ជនជាតិអាល្លឺម៉ង់ពីរនាក់ ស្លាប់ដោយការចាក់សម្លាប់នៅក្នុងរមណីយដ្ឋានសមុទ្រក្រហមទីក្រុង Hurghada ៕


ចែករំលែក៖