មន្ត្រីអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃសុក្រថា រណ្តៅកប់សាកសពរួម រហួតដល់២៧៨នាក់ ត្រូវបានរកឃើញ នៅក្នុងប្រទេសស្រីលង្កា ចាប់តាំងពីប្រទេសនេះ បញ្ចប់សង្រ្គាមស៊ីវិល រយៈពេលជិតមួយទសវត្សរ៍មក ។
លោក Samindra Rajapakshe មន្ត្រីជាន់ខ្ពស់ផ្នែកវេជ្ជសាស្ត្រ បាននិយាយថា មនុស្សរាប់សិបនាក់ មានស្ត្រី កុមារ និងបុរស ត្រូវបានកប់រួមនៅក្នុងរណ្តៅតែមួយ ស្ថិតនៅតំបន់ Mannar ទីដែលក្រុមឧទ្ទាម តាមិល(Tamil) បានប្រយុទ្ធស្លាប់រស់ជាមួយកងកម្លាំងសន្ដិសុខ រដ្ឋាភិបាល អំឡុងពេលប្រទេសជាតិមានសង្គ្រាមកើតឡើង ។
លោក Rajapakshe បានបន្តថា រណ្តៅសាកសពដ៏ធំមួយនេះ បានរកឃើញដោយកម្មករសំណង់ តាំងពីខែមីនា ឆ្នាំ២០១៨ ពេលដែលកំពុងរៀបចំសាងសង់ទីកន្លែងសហករណ៍មួយនៅទីនោះ ហើយរហូតមកដល់ពេលនេះ មានរយៈពេល១១៨ថ្ងៃ យើងបានរកឃើញគ្រោងឆ្អឹងសាកសពសរុប២៧៨នាក់ មានស្ត្រី កុមារ និងមនុស្សប្រុស កប់រួមចូលគ្នា ក្នុងរណ្តៅតែមួយ ។
លោកបន្តថា ជនរងគ្រោះមួយចំនួនហាក់ត្រូវបានគេចងភ្ជាប់គ្នា ប៉ុន្តែទោះបីយ៉ាងណាខាងកោសល្យវិច័យកំពុងដំណើរការ ការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីរកមូលហេតុឲ្យឃើញច្បាស់ ។
តំបន់ Mannar គឺជាទីតាំងសមរភូមិដ៏សំខាន់មួយ ក្នុងសង្គ្រាមទាមទារបំបែករដ្ឋ រយៈពេលបួនទសវត្សរ៍ របស់ប្រទេសស្រីលង្កា ដែលក្រុមខ្លាតាមិល បានធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងនឹងកងទ័ពរដ្ឋាភិបាល ។ សង្រ្គាមមួយនេះ បានបញ្ចប់នៅក្នុងឆ្នាំ ២០០៩ បន្ទាប់ពីការវាយលុកផ្នែកយោធាទ្រង់ទ្រាយធំ ។
គណៈកម្មាធិការមួយ តែងតាំងដោយរដ្ឋាភិបាលបាននិយាយនៅឆ្នាំ២០១៣ថា មានមនុស្សប្រហែល 19 000 នាក់បានបាត់ខ្លួន ចាប់តាំងពីជម្លោះកើតឡើង ក្នុងនោះរួមមានទាំងកងទ័ព៥ពាន់នាក់ផងដែរ ៕