ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ជំរុញឲ្យប្រធានពន្ធនាគារ បន្តយកចិត្តទុកដាក់ អប់រំហ្វឹកហ្វឺនណែនាំ កែប្រែ ទណ្ឌិតក្នុងពន្ធនាគារ ឲ្យក្លាយទៅជាមនុស្សល្អ ក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យមន្រ្តី និង ថ្នាក់ដឹក នាំពន្ធនាគារ បន្តយកចិត្តទុកដាក់ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអប់រំហ្វឹកហ្វឺន ណែនាំ កែប្រែ និងផ្តល់វិជ្ជាជីវៈ ដល់ ទណ្ឌិតក្នុងពន្ធនាគារ ឲ្យក្លាយទៅជាមនុស្សល្អ ដើម្បីឲ្យពួកគេធ្វើសមាហរណកម្មខ្លួនទៅក្នុងគ្រួសារ និងសង្គមវិញ ប្រកបដោយជំនឿទុកចិត្ត ។

លោក កើត ឆែ បានជំរុញ បែបនេះធ្វើឡើង កាលពីថ្ងៃសុក្រ៦រោច ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៨ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានមន្ទីរ ពន្ធនាគាររាជធានីភ្នំពេញ គឺលោក ឈីម ធីដា ជាប្រធាន លោក ពេជ្រ យ៉ុន ត្រូវទៅបម្រើការងារ នៅក្រសួងមហាផ្ទៃវិញ ពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារពន្ធនាគារ។ ផ្អែកតាមរបាយការណ៍ប្រចាំខែធ្នូនេះ ពន្ធនាគាររាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញពីកិច្ចខំប្រឹងប្រែង របស់អង្គភាព ក្នុងការគ្រប់គ្រង ជនជាប់ឃុំ និងទណ្ឌិតឲ្យធានាសន្តិសុខ សុវត្ថិភាព សុខភាព និងគោលការណ៍មនុស្សធម៌ ស្របតាមតួនាទីភារកិច្ចដូចមានចែងក្នុងច្បាប់ ស្តីពី ពន្ធនាគារ និងប្រកាស ស្តីពី ការគ្រប់គ្រងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអប់រំហ្វឹកហ្វឺន ណែនាំឲ្យទណ្ឌិតក្នុងពន្ធនាគារក្លាយជាមនុស្សថ្មីក្នុងសង្គមជាតិ។ បច្ចុប្បន្នជនដែលជាប់ឃុំ និងកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគាររាជធានីភ្នំពេញ មានចំនួន ២២៦នាក់ ស្រី៣០នាក់ ក្នុងនោះមានបទល្មើសមជ្ឈឹមចំនួន ៣៥នាក់ ស្រី៣នាក់ បទ ល្មើសចំនួន១៩៤នាក់ ស្រី២៧នាក់ ។

លោក កើត ឆែ បានបញ្ជាក់ថា៖ សម្រាប់ពិធីប្រកាសតែងតាំងមុខដំណែងនៅថ្ងៃនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈ សម្រាប់ជាមន្រ្តីរាជការស៊ីវិល ដែលតែងតែមានការតែងតាំង ប្តូរភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្តន៍ទៅតាមនីតិវិធីដែលបានកំណត់ ។

លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ និង អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង លោកឧត្តមអគារនុរក្សថ្នាក់លេខ២ ឈីម ធីដា ដែលជាប្រធានពន្ធការខេត្តស្ទឹងត្រែង មកជាប្រធានពន្ធនាគាររាជធានីភ្នំពេញវិញជំនួសលោកឧត្តមអគារនុរក្សថ្នាក់លេខ២ លោកពេជ្រ យ៉ុន ដែលត្រូវប្រកាសតែងតាំងជាអនុប្រធាននាយកដ្ឋាន បណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរការងារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

លោក ប៉ាវ ហមផាន បានស្នើឲ្យប្រធានពន្ធនាគាររាជធានីភ្នំពេញថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និង ត្រូវខិតខំបង្កើនសមត្ថកិច្ចគ្រប់គ្រងឲ្យបានជាប់ជាប្រចាំ ដូចជា ត្រូវពង្រឹងនូវការងារយាមកាមពន្ធនាគារ ២៤ម៉ោងលើ២៤ម៉ោង ត្រូវយកចិត្តទុកដាក់លើការងារ សន្តិសុខ ទាំងក្នុងនិងក្រៅបរិវេនពន្ធនាគារ ដើម្បីចាត់វិធានការតឹងរ៉ឹង ចំពោះចំណុចខ្វះចន្លោះ ក៏ដូចជា ការឆែកឆេររឹបអូសការយកសម្ភារៈហាមឃាត់ នាំចូលទៅក្នុងពន្ធនាគារ ដោយទណ្ឌិត ដែលជាការបង្ករឱកាសមធ្យោបាយរបស់ទណ្ឌិត និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងពន្ធនាគារកុំឲ្យកើតមាន។

លោកក៏បានជំរុញឲ្យមន្រ្តីពន្ធនាគារទាំងអស់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងមិនប្រព្រឹត្តអំពើពុករលួយ មានក្រមសីលធម៌ និងមានវិន័យជាអនុរក្សពន្ធនាគារ ដើម្បីជួយឲ្យពួកគេធ្វើការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពិតប្រាកដ និងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់ទណ្ឌិតឡើយ។

សូមបញ្ជាក់ថា៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ធីតា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ត្រូវបានផ្ទេរមកកាន់មុខតំណែងជាប្រធានពន្ធនាគារ រាជធានីភ្នំពេញ ជំនួស លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ពេជ្រ យ៉ុន ដែលត្រូវឡើងទៅ កាន់មុខដំណែងថ្មី ជាអនុប្រធាននាយកដ្ឋានបណ្តុះ បណ្តាល វិជ្ជាជីវៈ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ។ ចំណែកលោកវរៈអគ្គានុរក្ស ថ្នាក់លេខ១ ឈុន ដារ៉ា ត្រូវកាន់មុខតំណែង ជាប្រធានពន្ធនាគារថ្មី ខេត្តស្ទឹងត្រែង ៕ សំរិត


ចែករំលែក៖