ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងលេងភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនិងសម្ភារមួយចំនួនធំ

ចែករំលែក៖

ខេត្តសៀមរាប៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃ អាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប

សមត្ថកិច្ចបានអោយដឹងថា ផ្ទះចំនួន ០១ខ្នង ទំហំ ៤ម៉ែត្រ×៥ម៉ែត្រ ប្រភេទឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងស្លឹក របស់គ្រួសារ ឈ្មោះ វ៉ាន់ ឡង អាយុ ៣២ ឆ្នាំមុខរបរ ដាំលក់បន្លែរលក់ ប្រពន្ធឈ្មោះ ហិប ពៅអាយុ ២៤ ឆ្នាំ មានកូនចំនួន០១នាក់ក្នុងបន្ទុក។

ហេតុការណ៍នេះធ្វើខូចខាតរួមមាន ផ្ទះមួយខ្នង ទំហំ ៤ម៉ែត្រ×៥ម៉ែត្រ ខូចខាតទាំងស្រុង កង់ចំនួន ០២គ្រឿង ទូរទស្សន៍ប្រភេទ LCD មួយគ្រឿង លុយដុល្លារចំនួន ១២០០ ដុល្លារ សំភារៈផ្ទះបាយនិងសំលៀកបំពាក់ ខូចខាតទាំងស្រុង សំបុត្រកំណើត និងឯកសារផ្សេងៗទៀតមួយចំនួន។

អគ្គិភ័យ នេះបានឆេះ រាលដាលដល់វាលស្មៅ និង ព្រៃដែលនៅក្បែរផ្ទះ ទំហំប្រហែល ០២ ហិកតា ផងដែរ។

មូលហេតុ ម្ចាស់ផ្ទះ មិននៅមានក្មេងទៅលេងក្បែរ ហើយប្រើដែកកេះ បង្កាត់ ភ្លើងលេង បណ្ដាលអោយឆាប់ឆេះ ជញ្ចាំង ផ្ទះហើយឆេះរាលដាលតែម្តង ។

ក្នុងពេលកើតហេតុត្រូវកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រើប្រាស់រថយន្តចំនួន ០១ គ្រឿង បាញ់ទឹកពន្លត់ ទប់ស្កាត់មិនឲ្យឆេះរាលដាលដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋផ្សេងទៀត រហូតដល់១៣:៣០នាទី ទើបរលត់ទាំងស្រុង ៕ ប៊ុនរិទ្ធី


ចែករំលែក៖