ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានប្រើល្បិច ហៅជាងសោឲ្យមកធ្វើសោម៉ូតូឲ្យខ្លួន មានអី ប៉ះចំម៉ូតូសន្តិសុខ ចាប់ប្រគល់ឲ្យសមត្ថកិច្ចដាក់ខ្នោះល្មម ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចកន្លែងផ្ញើម៉ូតូក្នុងផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯម សុដាចាន់ ហៅលី ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៣២៩ ផ្លូវជាតិលេខ៥ សង្កាត់មិត្តភាព ខណ្ឌឫស្សីកែវ ។
ចំណែកជនរងគ្រោះមានឈ្មោះ ហាស់ សុធាវី ភេទស្រីអាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៥៦L៨E0E១ ផ្លូវ២៣០ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា Beatសេរីឆ្នាំ២០១៨ ព័ណក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1HE 8737 មកធ្វើការនៅផ្សាររតនាផ្លាហ្សាហើយទុកនៅកន្លែងផ្ញើហើយខ្លួនក៍ចូលទៅធ្វើការលុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានសន្តិសុខទៅប្រាប់ថាមានគេហៅជាងមកធ្វើសោម៉ូតូពេលនោះខ្លួនក៍ចុះមកដល់ក៍ប្រាប់ថានេះជាម៉ូតូរបស់ខ្លួនទើបនាំគ្នាឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ប្រភពពីជាងធ្វើសោបានឲ្យដឹងថានៅមុនពេលកើតហេតុមានយុវជនម្នាក់(ជនសង្ស័យ)បានមកហៅគាត់ឲ្យទៅធ្វើសោម៉ូតូឲ្យគេដោយប្រាប់ថាសោម៉ូតូគេខូចពេលនោះគាត់ក៍មកដល់កន្លែងទុកម៉ូតូក្នុងផ្សាររតនាផ្លាហ្សាប៉ុន្តែគាត់មានការសង្ស័យក៍ហៅសន្តិសុខនិងអ្នកគ្រប់គ្រង់ឲ្យមកជួយមើលពេលជនរងគ្រោះមកដល់ទើបដឹងថាជាម៉ូតូរបស់សន្តិសុខធ្វើការនៅក្នុងផ្សារនោះហើយក៍គ្នាឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង ។ ក្រោយពីសមត្ថកិច្ចសួចម្លើយតាមជំនាញរួចទើបជនសង្ស័យឆ្លើយសារភាពថាកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនៅកន្លែងផ្ញើម៉ូតូផ្សារអីុអន២ក្នុងសង្កាត់ភ្នំពេញថ្មី ដោយប្រើល្បិចហៅជាងសោឲ្យមកធ្វើសោហើយក៍ជិះចេញទៅបាត់យកទៅបញ្ចាំបានលុយ៣០០ដុល្លារចាយអស់ក្រោយមកខ្លួនក៍បានហៅជាងធ្វើសោក្នុងបំណងលួចម៉ូតូគេបន្តទៀតតែត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕តុង សីហា