ភ្នំពេញ៖ មន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជនបានសហការជាមួយនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង បង្កបសេវាកម្មផ្លូវភេទឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន៨នាក់ ។
ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាក្សាយីហោ បាតដៃសំរួលសរសៃបែបបុរាណខ្មែរ តាមបណ្តោយផ្លូវលេខ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។
ម្ចាស់ទីតាំងមានឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះដួង ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីអនុប្រធាននាយកដ្ឋានការជួញដូរមនុស្ស និងកម្លាំងនគរបាលមូលដ្ឋាន ។ ដោយឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៥នាក់ ម្ចាស់ទីតាំងប្តីប្រពន្ធ២នាក់ រួមទាំងបុរសម្នាក់ជាភ្ញៀវ ។
ក្រោយឃាត់ខ្លួន នារីជាជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សអប់រំ ដោយឡែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត ។ ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្ណោះអាសន្ន ៕ សុខាសែនជ័យ