ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤ និងផ្លូវជាតិ១)

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង ៥២.៩៨៣គីឡូម៉ែត្រ (ជាង ៥២គីឡូម៉ែត្រ) ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ ដោយមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងទៀត គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញបើកការដ្ឋាសាងសង់ផ្លូវក្រវាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ដែលបានផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។ មុននឹងថ្លែងសុន្ទរកថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និង ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីសារៈសំខាន់នៃការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅពេលនេះដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចៀស ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងតែមានកំណើនមនុស្ស និងយានយន្តយ៉ាងច្រើននិងជួយសម្រួលដល់ការដឹកទំនិញនិងផលិតផលផ្សេងៗដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោកាន់តែល្អប្រសើរឡើង ដែលផ្ទុយពីសម័យរបបប្រល័យពូជសាសន៍ប៉ុលពត ដែលផ្លូវមួយចំនួនធំត្រូវបានបំផ្លាញចោល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា គឺបានចាប់ផ្តើមពីការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណតាំងពី ៣២ឆ្នាំមុន ដែលបានផ្តោតទៅលើ ផ្លូវ, ទឹក, ភ្លើង និង មនុស្ស ប៉ុន្តែចាប់ពីឆ្នាំ២០១៣ មក យើងបានប្តូរមកយក មនុស្ស, ផ្លូវ, ទឹក, និងភ្លើងវិញ ដោយយើងបានប្តូរយកធនធានមនុស្សជាវិស័យអាទិភាពមុខគេ។

បច្ចុប្បន្ន កម្ពុជាមានផ្លូវធ្វើដំណើរច្រើន រួមទាំងស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសចំនួន៥ នៅក្នុងទីក្រុងភ្នំពេញដែលបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសុំអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនឹងរងផលប៉ះពាល់ និងការបង្កការំខានផ្សេងៗ ចំពោះការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ។ ប៉ុន្តែទោះបីជាយ៉ាងណា គឺរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយផលប៉ះពាល់ទាំងអស់នេះជូនដល់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាធ្វើសេដ្ឋកិច្ចមិនពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺកម្ពុជាធ្វើសេដ្ឋកិច្ច ពឹកផ្អែកលើវិស័យជាច្រើនដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម សេវាកម្ម និងសំណង់ជាដើម។ កម្ពុជាមិនអាចស្លាប់នោះទេប្រសិនបើបរទេសណាបិទវិស័យណាមួយនោះ ព្រោះកម្ពុជានៅតែមានវិស័យផ្សេងៗទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ។

ចំពោះទំនាក់ទំនង កម្ពុជា-ចិន វិញ គឺកន្លងមកគឺមិត្តចិនតែងតែផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ជាពិសេសជំនួយកសាងផ្លូវ ស្ពាន និងហេដ្ឋារចនសម្ព័ន្ធផ្សេងទៀត។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍មកពីប្រទេសចិនប្រមាណ ៦លាន ២សែននាក់ ដែលមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងជំនួបកន្លងទៅរវាង សម្តេចតេជោ និងលោកប្រធានាធិបតីចិន Xi Jinping សម្តេចតេជោ បានស្នើរសុំភ្ញៀវទេសចរណ៍ចិនមកកម្ពុជាប្រមាណ០.០១% ប៉ុណ្ណោះ ខណៈដែរប្រជាជនចិនកើនដល់ ១,៣០០ លាននាក់។

នៅថ្ងៃទី ២០ មករា នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនក្នុងរយៈពេល ៣ថ្ងៃ។ តាមរយៈទន្សនកិច្ចនេះ សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ព្រមទាំងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគថ្មីបន្ថែមទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Xi Jinping លោកនាយករដ្ឋមន្ត្រី Li Keqiang បងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរដល់ក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានខិតខំដើម្បីឲ្យមានការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។

ចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញបញ្ជារគ្រឿងចក្របើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែង ៥២.៩៨៣គីឡូម៉ែត្រ ចាប់ពីពេលនេះតទៅ៕


ចែករំលែក៖