ព័ត៌មានទាន់ហេតុការណ៍៖

សីតុណ្ហភាព ថ្ងៃនិងយប់ លើឋានព្រះច័ន្ទខុសគ្នា ជាង ២០០ដង

ចែករំលែក៖

សីតុណ្ហភាព នៅលើឋានព្រះច័ន្ទ មានភាពខុសគ្នា ទាំងនោះហើយទើប មិនមានរុក្ខជាតិ អ្វីអាចដុះនៅលើនោះបាន​។ តាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា នៅពេលយប់ និងពេលថ្ងៃ សីតុណ្ហភាពខុសគ្នា ដល់ទៅជាង​២០០ដង ។ ពេលថ្ងៃកម្តៅជាង ១០០ អង្សាសេ ចំណែកពេលយប់ ត្រជាក់ ក្រោមសូន្យដល់ទៅជិត-២០០ អង្សា​សេ ។ ចំណែកពេលវេលា ក៏ខុសគ្នាផងដែរ ដោយពេលថ្ងៃ និងពេលយប់ មានរយៈពេល​វែង ។

ក្រោយពេលយានស្រាវជ្រាវលើភព្វព្រះច័ន្ទរបស់ចិន Chang’e-4 បានចុះចតដោយជោគជ័យ ​យាននេះ បានចាប់ផ្តើមផ្តល់ទិន្នន័យ ពីការស្រាវជ្រាវ​មកទីបញ្ជាការ នៅលើផែនដី ។ កាលពីថ្ងៃទី ១៣ ខែមករា កន្លងមក សារព័ត៌មានចិន បានដកស្រង់ លទ្ធផលស្រាវជ្រាវ ស្តីពីពេលវេលាយប់ និងថ្ងៃ ក៏ដូចជាសីតុណ្ហភាពនៅលើភពព្រះច័ន្ទ ។ យាន «Chang’e-4» បានផ្តល់ទិន្នន័យ​បង្ហាញឲ្យឃើញថា មួយថ្ងៃនៅលើព្រះច័ន្ទ គឺស្មើនឹង១៤ថ្ងៃ នៅលើផែនដី រីឯមួយយប់ នៅលើព្រះច័ន្ទ ក៏មានរយៈពេលដូចគ្នានេះដែរ ។

ចំណែកសីតុណ្ហភាពរវាងថ្ងៃ​ និងយប់ នៅលើព្រះច័ន្ទមានភាពខុសគ្នាយ៉ាងខ្លាំង។ ចំណែកឯ ក្រុមអ្នកវិទ្យាសាស្ត្របានវាយតម្លៃថា សីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃនៅលើ ព្រះច័ន្ទអាចឡើងដល់១២៧អង្សាសេ ខណៈពេលយប់ វាអាចធ្លាក់ចុះក្រោមសូន្យ រហូតដល់ទៅ-១៨៣អង្សាសេ គឺមានគម្លាត់យ៉ាងខ្លាំង រវាងសីតុណ្ហភាពពេលថ្ងៃ និងពេលយប់ ។

នៅពេល យាន «Chang’e-4» បានសម្រេច​ការចុះចតជាលើក​ដំបូងមិនធ្លាប់មាន​ពីមុនមក នៅផ្ទៃចំហៀង​ម្ខាងទៀត​របស់ព្រះច័ន្ទ​ដែលមនុស្សមិនដែល​បានឃើញនោះ អ្នកជំនាញជើង​ចាស់ផ្នែកអវកាស​ម្នាក់របស់ចិន​បាននិយាយ​​ថា ប្រទេសចិន ​និងធ្វើឲ្យ​បេសកកម្ម​ស្រាវជ្រាវនៅលើឋាន​ព្រះច័ន្ទ កាន់តែមានភាព​ស៊ីជម្រៅ ខ្លាំង​ជាងពេលណាៗ​ទាំង​អស់។

ពេលអនាគតដ៏ខ្លីខាងមុខ​ចិន និងបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពព្រះច័ន្ទ និងបង្កើនការស្រាវជ្រាន នៅភពផ្សេងៗទៀត ក្នុងនោះមានភពព្រះ អង្គារ​ជាដើម ។ តាមគម្រោង នៅឆ្នាំ​២០២០ និងបញ្ជូនយានអវកាស ទៅកាន់ពិភពព្រះអង្គារ ។ ដោយឡែក សម្រាប់គោលដៅ​ឆ្នាំ២០៣០វិញ ចិនមានមហិច្ឆតា​បាញ់បង្ហោះ​គ្រាប់រ៉ុក្កែត​​ទម្ងន់​ធ្ងន់​ ដែលមាន​សមត្ថភាពផ្ទុក​​​ប្រហែល ៤,០០០តោន ។

មួយទសវត្សរ៍ចុងក្រោយនេះ ចិនបានខិតខំយ៉ាងខ្លាំង នៅក្នុងវិស័យស្រាវជ្រាវអវកាស​ ក្រោយពេលដែលអាមេរិក បានកាត់បន្ថយការស្រាវជ្រាវ​ ។ នៅពេល ដ៏ខ្លីខាងមុខ​ចិន គឺជាប្រទេស មហាអំណាចដែនអវកាស៕


ចែករំលែក៖