ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបម៉ាក ALPHARD បើកបុកម៉ូតូកង់បីចតស្ងៀម បណ្ដាលឲ្យរងការខូចខាត រួចសង200$ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូកង់បីមួយគ្រឿងដែលចតស្ងៀមនៅចញ្ចើមផ្លូវ ត្រូវបានរថយន្តស៊េរីទំនើបបើកបរដោយជនជាតិចិន មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក ស៊េរីទំនើបម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW- 0020 បើកបរដោយបុរសជាជនជាតិចិនម្នាក់ និងអ្នករួមដំណើរម្នាក់ជាមួយ ។ រីឯម៉ូតូកង់បី ដែលរងគ្រោះ ពាក់ស្លាកលេខ ភ្នំពេញ 1BX-3887 បានចតចោលនៅចញ្ចើមផ្លូវ ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ALPHARD បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩៤ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូកង់បីដែលម្ចាស់ចតចោលលើចញ្ចើម បណ្ដាលឲ្យបុកចំកង់ក្រោយ និងហោះកង់មុខ រងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តបង្ក ក៏បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា តែក្នុងករណីនោះមិនបង្កទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំង២នាក់ធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិន ទើបភាគីខាងរថយន្តបង្កព្រមសងថ្លៃខូចខាតចំនួន200$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖