ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលប្ដេជ្ញាកម្ចាត់កងកម្លាំង Houthi នៅយេម៉ែន

ចែករំលែក៖

អុីស្រាអែលទើបតែបានវាយប្រហារគោលដៅជាច្រើនពាក់ព័ន្ធនឹងចលនា Houthi ក្នុងប្រទេសយេម៉ែន រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Sanaa ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ Houthi បានរាយការណ៍ថាមនុស្ស 14 នាក់បានរងរបួស។ នាយករដ្ឋមន្ត្រីអុីស្រាអែលបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការលុបបំបាត់កម្លាំងនេះ។
យោធាអុីស្រាអែលបាននិយាយថា បន្ថែមពីលើការវាយលុកទៅលើអាកាសយានដ្ឋានក្នុងទីក្រុង Sanaa ការវាយប្រហារបានផ្តោតទៅលើរោងចក្រថាមពលរបស់យេម៉ែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធយោធានៅកំពង់ផែឆ្នេរ Hodeidah, Salif និង Ras Kanatib ភាគខាងលិចប្រទេសយេម៉ែន។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤ បានផ្សាយថា អ៉ីស្រាអែល បានវាយប្រហារលើគោលដៅជាច្រើនដែលទាក់ទងនឹងក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រួមទាំងអាកាសយានដ្ឋានអន្តរជាតិទីក្រុង Sanaa ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ូទី មានមនុស្ស ៦នាក់ស្លាប់។
ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយថា លោកកំពុងរៀបចំឡើងយន្តហោះ ក្នុងអាកាសយានដ្ឋានទីក្រុង Sanaa នៅពេលដែលមានការវាយប្រហារនោះ ហើយសមាជិកពីឡុតម្នាក់នៅលើយន្តហោះ បានរងរបួស។ យោធាអ៉ីស្រាអែលនិយាយថា ក្រៅពីអាកាសយានដ្ឋានអន្តរជាតិ ការវាយប្រហារក៏បានធ្វើឡើងទៅលើហេដ្ឋារចនាសម្ព័ន្ធយោធា នៅកំពង់ផែទីក្រុង Hodeidah, Salif និង Ras Kanatib នៃឆ្នេរសមុទ្រភាគខាងលិច រួមទាំងស្ថានីយថាមពល Hezyaz និង Ras Kanatib របស់យេម៉ែនផងដែរ។
តាមទីភ្នាក់ងារសារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមហ៊ូទី មនុស្ស ៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅអាកាសយានដ្ឋាន និង ៣នាក់នៅក្នុងទីក្រុង Hodeidah ខណៈ ៤០នាក់ផ្សេងទៀតរងរបួស។ លោកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រាប់ក្នុងបទសម្ភាសន៍មួយថា នេះគ្រាន់តែជាការចាប់ផ្តើមរបស់អ៉ីស្រាអែល ក្នុងយុទ្ធនាការប្រឆាំងក្រុមហ៊ូទីប៉ុណ្ណោះ៕

ដោយ៖ ធីរីណា(រូបថត​៖ qouchoitv)


ចែករំលែក៖