សមុទ្រខ្មៅអាចនិយាយបានថា ជាទីកន្លែងរបស់រុស្ស៊ី ហើយអាមេរិក មិនមានផលប្រយោជន៍អ្វីនៅទីនោះឡើយ ។ ទាំងនោះហើយ ការបញ្ជូនកម្លាំងទាហានដែលមាននាវាចម្បាំងទំនើបរបស់អាមេរិកទៅកាន់សមុទ្រខ្មៅ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ កម្លាំងទាហានរុស្ស៊ីនៅទីនោះ។
កាលពីថ្ងៃទី២០ ខែមករា សមាជិកគណៈកម្មការសភា រុស្ស៊ី លោក Alexei Pushkov បានបញ្ជាក់ថា បណ្តានាវាចម្បាំងអាមេរិក មិនជាប់ពាក់ព័ន្ធនឹងនយោបាយសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅឡើយ ហើយតំបន់នេះ ក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោននោះដែរ ។
នៅលើបណ្តាញសង្គម Twitter លោក Pushkov បានបញ្ជាក់យ៉ាងច្បាស់ថា «បណ្តានាវាចម្បាំងរបស់អាមេរិក ដែលចូលទៅកាន់សមុទ្រខ្មៅនោះ គឺមិនពាក់ព័ន្ធដល់សន្តិសុខអាមេរិកនោះឡើយ។ មិនតែប៉ុណ្ណោះអាមេរិកចង់បញ្ជូនមួយកងពលទាហានជើងទឹកមកកាន់សមុទ្រខ្មៅ។ អាមេរិក មិនគួរមកទីនេះឡើយ គួរតែចាកចេញឲ្យឆ្ងាយពីឆ្នេរសមុទ្ររបស់យើង» ។
ការលើកឡើងខាងលើរបស់ មន្ត្រីរុស្ស៊ី ក្រោយពេលដែលនាវាចម្បាំងអាមេរិក បំពាក់កាំជ្រួចមិស៊ីលនាំផ្លូវ ប្រភេទ Nonald cook ធ្វើដំណើរនៅក្នុងតំបន់សមុទ្រខ្មៅ ដោយមានគោលដៅ រក្សាសន្តិសុខ សេរីភាពចរាចរណ៍នៅដែនសមុទ្រ ។
នៅពេលនោះ កងនាវាប្រចាំសមុទ្រខ្មៅរបស់រុស្ស៊ី បានតាមដានសកម្មភាពនៃនាវាពិឃាតអាមេរិក ឈ្មោះ USS Donald Cook ដែលបានចូលមកដល់ដែនសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ ។ កងនាវារុស្ស៊ីប្រចាំសមុទ្រខ្មៅបាន តាមដាននាវាពិឃាតអាមេរិកភ្លាមៗ នៅពេលនាវានេះបានឆ្លងចូលមកដល់តំបន់នេះ តាមរយៈការបញ្ជូននាវាល្បាត Pytlivy ក៏ដូចជាតាមប្រព័ន្ធបច្ចេកវិទ្យា និងអេឡិចត្រូនិកដទៃទៀត។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមានរបស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រខ្មៅ តាមរយៈការធ្វើសមយុទ្ធយោធារបស់អង្គការ NATO និងតាមរយៈការបញ្ជូននាវាចម្បាំងឲ្យចូលមកកាន់តំបន់នេះជាញឹកញាប់៕