ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីកាន់តែបារម្ភ ក្រោយអាមេរិកបញ្ជូនកម្លាំងទាហានជើងទឹកទៅកាន់សមុទ្រខ្មៅ

ចែករំលែក៖

សមុទ្រខ្មៅអាចនិយាយបានថា ជាទីកន្លែងរបស់រុស្ស៊ី ហើយអាមេរិក មិនមានផលប្រយោជន៍អ្វីនៅទីនោះឡើយ ។ ទាំងនោះហើយ ការបញ្ជូនកម្លាំងទាហាន​ដែលមាននាវាចម្បាំងទំនើប​របស់អាមេរិកទៅកាន់សមុទ្រខ្មៅ បានបង្កក្តីបារម្ភយ៉ាងខ្លាំង​ដល់ កម្លាំងទាហានរុស្ស៊ីនៅទីនោះ​។

កាលពីថ្ងៃទី​២០ ខែមករា​ សមាជិកគណៈកម្មការសភា រុស្ស៊ី លោក​ Alexei Pushkov ​បានបញ្ជាក់ថា​ បណ្តានាវាចម្បាំងអាមេរិក មិនជាប់ពាក់ព័ន្ធនឹងនយោបាយសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅឡើយ ហើយតំបន់នេះ ក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោននោះដែរ ។

នៅលើបណ្តាញសង្គម​​ Twitter លោក​ Pushkov ​បានបញ្ជាក់យ៉ាងច្បាស់ថា «បណ្តានាវាចម្បាំងរបស់អាមេរិក ដែលចូលទៅកាន់សមុទ្រខ្មៅនោះ គឺមិនពាក់ព័ន្ធដល់សន្តិសុខអាមេរិកនោះឡើយ​។ មិនតែប៉ុណ្ណោះអាមេរិកចង់បញ្ជូនមួយកងពលទាហានជើងទឹកមកកាន់សមុទ្រខ្មៅ​។ អាមេរិក មិនគួរមកទីនេះឡើយ គួរតែចាកចេញឲ្យឆ្ងាយពីឆ្នេរសមុទ្ររបស់យើង» ។

ការលើកឡើងខាងលើ​របស់ មន្ត្រីរុស្ស៊ី ក្រោយពេលដែល​នាវាចម្បាំងអាមេរិក បំពាក់កាំជ្រួចមិស៊ីលនាំផ្លូវ ប្រភេទ Nonald cook ​ធ្វើដំណើរនៅក្នុងតំបន់​សមុទ្រខ្មៅ​ ដោយមានគោលដៅ រក្សាសន្តិសុខ សេរីភាពចរាចរណ៍នៅដែនសមុទ្រ ។

នៅពេលនោះ កងនាវាប្រចាំសមុទ្រខ្មៅ​របស់រុស្ស៊ី បានតាមដានសកម្មភាពនៃនាវាពិឃាតអាមេរិក ​ឈ្មោះ USS Donald Cook ដែលបានចូលមកដល់ដែនសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ ។ កងនាវារុស្ស៊ីប្រចាំសមុទ្រខ្មៅ​បាន តាមដាននាវាពិឃាតអាមេរិក​ភ្លាមៗ នៅពេលនាវានេះបានឆ្លងចូលមកដល់តំបន់នេះ តាមរយៈការបញ្ជូន​នាវាល្បាត Pytlivy ក៏ដូចជា​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ និង​​អេឡិចត្រូនិកដទៃទៀត។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមាន​របស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រខ្មៅ តាម​រយៈការធ្វើសមយុទ្ធយោធា​​​របស់អង្គការ NATO និងតាមរយៈការបញ្ជូន​នាវាចម្បាំង​ឲ្យចូលមកកាន់តំបន់នេះជាញឹកញាប់៕


ចែករំលែក៖