មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនកុ្រមជនសង្ស័យចាប់ខ្លួនបានមានគ្នា៤នាក់ ទី១-ឈ្មោះ លី ឡា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី២- ឈ្មោះ ជួប សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី៣- ឈ្មោះ លី លាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និងទី៤ឈ្មោះ វុធ ជឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិលេខ១ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១២កញ្ចប់ ក្នុងនោះ ធំ៨កញ្ចប់ និងតូច៤កញ្ចប់ រួមទាំងសម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង៤នាក់ខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកស្អាង ដែលនគរបាលជំនាញតាមដាន និងកំណត់មុខសញ្ញាជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនបានឡើយ លុះមកដល់ថ្ងៃទ២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៤ នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានទទួលព័ត៌មានថា ជនសង្ស័យឈ្មោះ វុធ ជឿន កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាលន់ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ ជឿន បានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច នៅនឹងខ្លួន រួចយកមកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វុធ ជឿន បានសារភាពថា គ្រឿងញៀនចំនួន៣កញ្ចប់តូចនេះ គឺជារបស់ឈ្មោះ លី ឡា បានប្រើខ្លួនយកទៅលក់ឲ្យគេ ក្នុងតម្លៃ៨ម៉ឺនរៀល ។ បន្ទាប់ពីសាកសួររួច ក្នុងពេលជាមួយគ្នានោះ នគរបាលជំនាញបានបន្ដទៅឆែកឆេរផ្ទះជនសង្ស័យឈ្មោះ លី ឡា រួចឃាត់ខ្លួនបានជនសង្ស័យ៣នាក់បន្ថែមទៀត និងត្រួតពិនិត្យបានរកឃើញថ្នាញៀន៩កញ្ចប់ ក្នុងនោះ ធំ ៨កញ្ចប់ , តូច១កញ្ចប់ និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងបួននាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី ឡា បានសារភាពថា គ្រឿងញៀនចំនួន ១២កញ្ចប់នេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចផ្លូវជាតិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង តម្លៃ ៦០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់ធំ តម្លៃ ២០ម៉ឺនរៀល និងកញ្ចប់តូច តម្លៃ៣ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដ ៕ ស្អាងជ័យ