ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន រថយន្តបុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូបត់ឆ្លងផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតមានឡើងកាលពី ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ត្រង់ចំណុចមុខក្លោងទ្វារវត្តចន័្ទបុរីវង្សលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមសាក្សីដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា គុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1A-9719 ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅកើតទៅលិច (បត់ឆ្លងផ្លូវ )ត្រូវរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3E-0678 ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ សរ អ៊ូរ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១១០ភូមិពាន់វត្តឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែង(ឃាត់ខ្លួន )បានភ្លាមៗ ។
សាក្សីដដែលបន្តថា ជនរងគ្រោះដែលបានស្លាប់នៅកន្លែងកើតហតុមានឈ្មោះ ទូច ព្រឹម ភេទប្រុស អាយុ៧៥ឆ្នាំស្នាក់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ស្លាប់)នៅកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមនុស្សស្លាប់១នាក់ខូចខាតរថយន្ត១គ្រឿង នឹងម៉ូតូខូចខាតស្ទើរទាំងស្រុង១គ្រឿង ។
ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ប្រគល់អោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត ៕ ធឿនព្រែកជ័យ