ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡាធ្លាក់នៅក្នុង​ គន្លងស៊ីរី​ ក្រោយមានអំពើហិង្សា ស្លាប់ និងរបួស រាប់សិបនាក់ និងរាប់រយនាក់ត្រូវចាប់ខ្លួន

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា កាន់តែអាក្រក់ទៅៗ ក្រោយពេលប្រទេសនេះមានប្រធានាធិបតីដល់ទៅពីរ ក្នុងពេលតែមួយ បន្ទាប់ពីប្រធានរដ្ឋសភា​បានប្រកាសតាំងខ្លួនជាប្រធានាធិបតីប្រទេសនេះ ហើយទទួលបានការគាំទ្រពីអាមេរិក និងសម្ពន្ធមិត្តអាមេរិកផងដែរ​។

ហេតុការណ៍ខាងលើបានបង្កឲ្យមានមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាល​ ក្លាយទៅជាហិង្សា មានអ្នកស្លាប់ និងរបួស រាប់សិបនាក់ ។ តាមរបាយការណ៍អង្គការក្រៅរដ្ឋាភិបាល ដែលបានតាមដានព្រឹត្តិការណ៍ វិវាទក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានឲ្យដឹងថា មានបាតុករ ប្រឆាំងរដ្ឋាភិបាល យ៉ាងតិច​២៦នាក់ហើយស្លាប់ និងរបួសជាច្រើន និងជាង​៣០០នាក់ត្រូវបានចាប់ខ្លួន ពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ​។

នៅរដ្ឋធានី​Caracas ​មានអ្នកស្លាប់​៧នាក់ ក្រៅពីនេះគឺនៅតាមបណ្តារដ្ឋដូចជា​ Bolivar ,Portuguesa ,Tachira, Barinas , Amazonas, Monagas និង​ Yarcuy ។ នៅពេលនេះមានការប៉ះទង្គិចគ្នារវាងបាតុករនិង កម្លាំងប៉ូលិសនៅតែបន្ត ។ រថយន្ត រាប់សិបគ្រឿងនិងហាងលក់ទំនិញផ្សេងៗនៅតាមផ្លូវ ត្រូវបានក្រុមបាតុករជ្រុលនិយមដុតបំផ្លាញ ។

កាលពីថ្ងៃទី​២៤ ខែមករា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក នីកូរឡាស ម៉ាឌូរ៉ូ បានប្រកាសបិទទ្វារស្ថានទូតអាមេរិក នៅក្នុងប្រទេសនេះ ។ ការសម្រេចខាងលើ ក្រោយពេលដែល លោកម៉ាឌូរ៉ូបានប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក ដោយចោទប្រកាន់អាមេរិកជាអ្នកជំរុញឲ្យមានអំពើហិង្សាកើតឡើង ។

នៅពេលនេះដែរ អាមេរិក ក៏បានកោះហៅ មន្ត្រីស្ថានទូតអាមេរិកចេញពីវេណេហ្ស៊ុយអេឡា ដើម្បីបញ្ចៀសរឿងអាក្រក់កើតឡើង ។

នៅពេលនេះ ​បណ្តាញសង្គម Twitter ជាច្រើនបានបង្ហោះនូវទិដ្ឋភាពនៃការចលាចលកក្នុងប្រទេសវេណេហ្ស៊ុអេឡា ។ សំឡេងផ្ទុះ​បានកើតមាន​តាមតំបន់ភាគខាងកើត​​​នៃ​រដ្ឋធានីការ៉ា​កាស់​ ខណៈអ្នក​ប្រើប្រាស់ Twitter ខ្លះទៀតបាន​បង្ហោះនូវឃ្លីប​វីដេអូ ដែលបង្ហាញពីការ​ផ្ទុះអាវុធ​នាអំឡុង​​​​ការ​ធ្វើ​បាតុ​កម្ម​​នៅ​ការ៉ាកាស់ ​។ ក្រៅពីនេះ​មានវីដេអូខ្លះទៀត ​​បានស្តែងឲ្យឃើញ​​ពីសកម្មភាព​​​ក្រុមអ្នកតវ៉ា​ស្ទាក់រថយន្តមួយ​គ្រឿង​​របស់ប៉ូលិស​​វេណេហ្ស៊ុយអេឡា ហើយដុតចោល​ថែមទៀត​ផង។

ទន្ទឹមនឹងនេះ ​ការប៉ះទង្គិចគ្នាក្នុង​អំឡុងការធ្វើបាតុកម្មទូទាំងប្រទេស​នៅវេណេហ្ស៊ុយអេឡា ក៏បានបង្កឲ្យមនុស្ស ១៦នាក់ស្លាប់​ផងដែរ នៅរដ្ឋ ព័រទុយហ្គេសា (Portuguesa), ថាជីរ៉ា (Tachira), អាម៉ាហ្សូណាស់ (Amazonas), បូលីវ៉ា (Bolivar), ទីក្រុងការ៉ាកាស់ និង ក្រុង​បារីណាស់ (Barinas) ជាដើម។

គួរជម្រាបថា កាលពីថ្ងៃពុធ លោក Juan Guaido បានប្រកាសខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទីវេណេហ្ស៊ុយអេឡា ​នៅ​ក្នុងការ​ជួបជុំ​គ្នាទ្រង់ទ្រាយធំ​មួយនៅរដ្ឋធានី​ការ៉ាកាស់ ដោយមាន​ការជួយជ្រោមជ្រែង​ពី​សហរដ្ឋអាមេរិក​​ជាសាធារណៈ​តែម្តង។ រីឯសហរដ្ឋអាមេរិក​បានទទូចឲ្យ​​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​ លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង​ដើម្បីបើកផ្លូវឲ្យ​លោក Guaido ឡើងក្តោបក្តាប់​អំណាច។

ជាការឆ្លើយតប​លោក ម៉ាឌូរ៉ូ បានហៅលោក Guaido ថាជាកញ្ជះរបស់​អាមេរិក​ និងបានប្រកាសថា ទីក្រុងអង់ការ៉ា​នឹង​កាត់ផ្តាច់​ចំណងការទូត​ជាមួយទីក្រុងវ៉ាស៊ីនតោន។ ដោយឡែកលោក Guaido ក៏បានអំពាវនាវ​ឲ្យ​មានការបាតុកម្ម​ប្រឆាំងរដ្ឋាភិបាលនៅ​ទូទាំង​ផ្ទៃប្រទេសផងដែរ កាលពីថ្ងៃទី២៣ ខែមករា ​ដែលត្រូវជាខួបទី ៦១ឆ្នាំ នៃការបះបោរទម្លាក់មេដឹកនាំ​យោធា​ផ្តាច់ការ លោក ម៉ាក្រូស ពែរែស ជីមែណែស (Macros Perez Jimenez) ខណៈថ្ងៃដដែលនេះ​​ក្រុមអ្នកគាំទ្រ​​លោក ម៉ាឌូរ៉ូ ក៏បានរៀបចំការ​​ប្រមូលផ្តុំដាច់​ដោយឡែកផ្សេង​គ្នាថែម​ទៀតផង។

នៅពេលនេះដែរក្រសួងការបរទេសរុស្ស៊ី បានថ្លែងថ្កោលទោសរដ្ឋាភិបាល អាមេរិករបស់លោកដូណាល់ ត្រាំ លូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា ដោយអាស្រ័យថា បានគាំទ្រមេដឹកនាំប្រឆាំងប្រទេសនេះធ្វើជាមេដឹកនាំវេណេហ្ស៊ុយអេឡា ។

ការថ្កោលទោសនេះរបស់រុស្ស៊ី ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាមេរិកចេញមុខទទួលស្គាល់ លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងឲ្យធ្វើជាប្រធានាធិបតីវេណេហ្ស៊ុយអេឡាបណ្តោះអាសន្ន ។ រុស្ស៊ីបានបញ្ជាក់ថា ទង្វើនេះបាននាំមកនូវភាពចលាចល មិនត្រឹមក្នុងសង្គមវេណេហ្ស៊ុយអេឡា ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ ។

រុស្ស៊ីក៏បានបញ្ជាក់ទៀតថា ក្រុងវ៉ាស៊ីនតោនកំពុងតែជាន់ឈ្លីបទដ្ឋានច្បាប់ទម្លាប់ ដែលជាគោលការណ៍អន្តរជាតិនោះហើយ ៗបានអំពាវនាវអ្នកនយោបាយវេណេហ្ស៊ុយអេឡាទាំងអស់ មិនត្រូវល្ងិតល្ងង់ រហូតលង់ខ្លួនក្នុងរណ្តៅនៃល្បែងដ៏គ្រោះថ្នាក់ សម្រាប់បុគ្គលណាម្នាក់ ឬប្រទេសណាមួយនោះទេ ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ថ្លែងថា រុស្ស៊ីគិតថា Maduro គឺជាមេដឹកនាំវេណេហ្ស៊ុយអេឡាស្របច្បាប់ និងសូមព្រមានពិភពខាងក្រៅដែលមានបំណងចង់កកូរកកាយ ដំណើមយកអំណាចកំពូលក្នុងប្រទេសមួយនេះ៕


ចែករំលែក៖