ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា កាន់តែអាក្រក់ទៅៗ ក្រោយពេលប្រទេសនេះមានប្រធានាធិបតីដល់ទៅពីរ ក្នុងពេលតែមួយ បន្ទាប់ពីប្រធានរដ្ឋសភាបានប្រកាសតាំងខ្លួនជាប្រធានាធិបតីប្រទេសនេះ ហើយទទួលបានការគាំទ្រពីអាមេរិក និងសម្ពន្ធមិត្តអាមេរិកផងដែរ។
ហេតុការណ៍ខាងលើបានបង្កឲ្យមានមហាបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ក្លាយទៅជាហិង្សា មានអ្នកស្លាប់ និងរបួស រាប់សិបនាក់ ។ តាមរបាយការណ៍អង្គការក្រៅរដ្ឋាភិបាល ដែលបានតាមដានព្រឹត្តិការណ៍ វិវាទក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានឲ្យដឹងថា មានបាតុករ ប្រឆាំងរដ្ឋាភិបាល យ៉ាងតិច២៦នាក់ហើយស្លាប់ និងរបួសជាច្រើន និងជាង៣០០នាក់ត្រូវបានចាប់ខ្លួន ពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ។
នៅរដ្ឋធានីCaracas មានអ្នកស្លាប់៧នាក់ ក្រៅពីនេះគឺនៅតាមបណ្តារដ្ឋដូចជា Bolivar ,Portuguesa ,Tachira, Barinas , Amazonas, Monagas និង Yarcuy ។ នៅពេលនេះមានការប៉ះទង្គិចគ្នារវាងបាតុករនិង កម្លាំងប៉ូលិសនៅតែបន្ត ។ រថយន្ត រាប់សិបគ្រឿងនិងហាងលក់ទំនិញផ្សេងៗនៅតាមផ្លូវ ត្រូវបានក្រុមបាតុករជ្រុលនិយមដុតបំផ្លាញ ។
កាលពីថ្ងៃទី២៤ ខែមករា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក នីកូរឡាស ម៉ាឌូរ៉ូ បានប្រកាសបិទទ្វារស្ថានទូតអាមេរិក នៅក្នុងប្រទេសនេះ ។ ការសម្រេចខាងលើ ក្រោយពេលដែល លោកម៉ាឌូរ៉ូបានប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក ដោយចោទប្រកាន់អាមេរិកជាអ្នកជំរុញឲ្យមានអំពើហិង្សាកើតឡើង ។
នៅពេលនេះដែរ អាមេរិក ក៏បានកោះហៅ មន្ត្រីស្ថានទូតអាមេរិកចេញពីវេណេហ្ស៊ុយអេឡា ដើម្បីបញ្ចៀសរឿងអាក្រក់កើតឡើង ។
នៅពេលនេះ បណ្តាញសង្គម Twitter ជាច្រើនបានបង្ហោះនូវទិដ្ឋភាពនៃការចលាចលកក្នុងប្រទេសវេណេហ្ស៊ុអេឡា ។ សំឡេងផ្ទុះបានកើតមានតាមតំបន់ភាគខាងកើតនៃរដ្ឋធានីការ៉ាកាស់ ខណៈអ្នកប្រើប្រាស់ Twitter ខ្លះទៀតបានបង្ហោះនូវឃ្លីបវីដេអូ ដែលបង្ហាញពីការផ្ទុះអាវុធនាអំឡុងការធ្វើបាតុកម្មនៅការ៉ាកាស់ ។ ក្រៅពីនេះមានវីដេអូខ្លះទៀត បានស្តែងឲ្យឃើញពីសកម្មភាពក្រុមអ្នកតវ៉ាស្ទាក់រថយន្តមួយគ្រឿងរបស់ប៉ូលិសវេណេហ្ស៊ុយអេឡា ហើយដុតចោលថែមទៀតផង។
ទន្ទឹមនឹងនេះ ការប៉ះទង្គិចគ្នាក្នុងអំឡុងការធ្វើបាតុកម្មទូទាំងប្រទេសនៅវេណេហ្ស៊ុយអេឡា ក៏បានបង្កឲ្យមនុស្ស ១៦នាក់ស្លាប់ផងដែរ នៅរដ្ឋ ព័រទុយហ្គេសា (Portuguesa), ថាជីរ៉ា (Tachira), អាម៉ាហ្សូណាស់ (Amazonas), បូលីវ៉ា (Bolivar), ទីក្រុងការ៉ាកាស់ និង ក្រុងបារីណាស់ (Barinas) ជាដើម។
គួរជម្រាបថា កាលពីថ្ងៃពុធ លោក Juan Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេហ្ស៊ុយអេឡា នៅក្នុងការជួបជុំគ្នាទ្រង់ទ្រាយធំមួយនៅរដ្ឋធានីការ៉ាកាស់ ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកជាសាធារណៈតែម្តង។ រីឯសហរដ្ឋអាមេរិកបានទទូចឲ្យប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែងដើម្បីបើកផ្លូវឲ្យលោក Guaido ឡើងក្តោបក្តាប់អំណាច។
ជាការឆ្លើយតបលោក ម៉ាឌូរ៉ូ បានហៅលោក Guaido ថាជាកញ្ជះរបស់អាមេរិក និងបានប្រកាសថា ទីក្រុងអង់ការ៉ានឹងកាត់ផ្តាច់ចំណងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន។ ដោយឡែកលោក Guaido ក៏បានអំពាវនាវឲ្យមានការបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងផ្ទៃប្រទេសផងដែរ កាលពីថ្ងៃទី២៣ ខែមករា ដែលត្រូវជាខួបទី ៦១ឆ្នាំ នៃការបះបោរទម្លាក់មេដឹកនាំយោធាផ្តាច់ការ លោក ម៉ាក្រូស ពែរែស ជីមែណែស (Macros Perez Jimenez) ខណៈថ្ងៃដដែលនេះក្រុមអ្នកគាំទ្រលោក ម៉ាឌូរ៉ូ ក៏បានរៀបចំការប្រមូលផ្តុំដាច់ដោយឡែកផ្សេងគ្នាថែមទៀតផង។
នៅពេលនេះដែរក្រសួងការបរទេសរុស្ស៊ី បានថ្លែងថ្កោលទោសរដ្ឋាភិបាល អាមេរិករបស់លោកដូណាល់ ត្រាំ លូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា ដោយអាស្រ័យថា បានគាំទ្រមេដឹកនាំប្រឆាំងប្រទេសនេះធ្វើជាមេដឹកនាំវេណេហ្ស៊ុយអេឡា ។
ការថ្កោលទោសនេះរបស់រុស្ស៊ី ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាមេរិកចេញមុខទទួលស្គាល់ លោក Juan Guaido មេដឹកនាំគណបក្សប្រឆាំងឲ្យធ្វើជាប្រធានាធិបតីវេណេហ្ស៊ុយអេឡាបណ្តោះអាសន្ន ។ រុស្ស៊ីបានបញ្ជាក់ថា ទង្វើនេះបាននាំមកនូវភាពចលាចល មិនត្រឹមក្នុងសង្គមវេណេហ្ស៊ុយអេឡា ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ ។
រុស្ស៊ីក៏បានបញ្ជាក់ទៀតថា ក្រុងវ៉ាស៊ីនតោនកំពុងតែជាន់ឈ្លីបទដ្ឋានច្បាប់ទម្លាប់ ដែលជាគោលការណ៍អន្តរជាតិនោះហើយ ៗបានអំពាវនាវអ្នកនយោបាយវេណេហ្ស៊ុយអេឡាទាំងអស់ មិនត្រូវល្ងិតល្ងង់ រហូតលង់ខ្លួនក្នុងរណ្តៅនៃល្បែងដ៏គ្រោះថ្នាក់ សម្រាប់បុគ្គលណាម្នាក់ ឬប្រទេសណាមួយនោះទេ ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ថ្លែងថា រុស្ស៊ីគិតថា Maduro គឺជាមេដឹកនាំវេណេហ្ស៊ុយអេឡាស្របច្បាប់ និងសូមព្រមានពិភពខាងក្រៅដែលមានបំណងចង់កកូរកកាយ ដំណើមយកអំណាចកំពូលក្នុងប្រទេសមួយនេះ៕