ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសជប៉ុនNomuraបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Legal & General ដើម្បីសាងសង់ផ្ទះជាង 1,000 ខ្នងនៅក្នុងទីផ្សារផ្ទះជួលរបស់ចក្រភពអង់គ្លេស ដែលតម្រូវការអចលនទ្រព្យកំពុងតែលើសពីការផ្គត់ផ្គង់។
ដោយសារតែមានទីផ្សារល្អ ពុំមែនមានតែNomura Real Estate នោះទេ ក្រុមហ៊ុនបរទេសធំៗដូចជាក្រុមហ៊ុនអាមេរិក Blackstone និង PGIM បាននិងកំពុងវិនិយោគសាច់ប្រាក់ដ៏ច្រើនដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន L&G បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនបានទទួលទីតាំងដំបូងរបស់ខ្លួននៅភាគខាងត្បូងទីក្រុងឡុងដ៍ដើម្បីសាងសង់ផ្ទះជាង 200 ខ្នងដោយនៅសល់ជាង800ខ្នងទៀតអាចនឹងសាងសង់កន្លែងផ្សេងក្នុងរយៈពេល 5 ឆ្នាំខាងមុខ។
អ្នកនាំពាក្យរបស់ L&G បាននិយាយថា ក្រុមហ៊ុន Nomura Real Estate ដែលត្រូវបានគាំទ្រដោយធនាគារយក្សជប៉ុន Nomura នឹងវិនិយោគរាប់រយលានផោនដំបូងក្នុងការបណ្តាក់ទុនដោយផ្តល់ដើមទុនភាគច្រើនជាងក្រុមហ៊ុនអង់គ្លេស ហើយ អ្នកនាំពាក្យនេះ បដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម៕
ដោយ៖ ភាៈ