ប្រទេសកូរ៉េខាងត្បូងកំពុងតស៊ូក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំនៅភាគអាគ្នេយ៍របស់ប្រទេសនេះ ខណៈដែលភ្លើងឆេះជាង 20 កន្លែងបានកើតឡើងចាប់តាំងពីចុងសប្តាហ៍មក ដោយបានសម្លាប់មនុស្ស 4 នាក់ របួស 6 នាក់ បង្ខំមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ។
មូលហេតុនៃភ្លើងឆេះព្រៃ ត្រូវបានគេជឿថា មកពីផ្កាភ្លើងចេញពីម៉ាស៊ីនកាត់ស្មៅ និងសកម្មភាពចុះទៅមើលផ្នូរ (រៀបចំផ្នូរសម្រាប់ឆេងម៉េង) រួមជាមួយនឹងអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង ដែលបណ្តាលឲ្យភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ និងឆាប់រហ័ស។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចាប់ផ្តើមពីព្រឹកថ្ងៃទី២៤ ខែមីនា អាជ្ញាធរក្នុងតំបន់បានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន ៣៦ គ្រឿងទៅកាន់ខេត្ត South Gyeongsang ដែលមានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដើម្បីពន្លត់ភ្លើងឆេះព្រៃ។ អ្នកពន្លត់អគ្គីភ័យ និងទាហានសរុបចំនួន 2.341 នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារភ្លើងឆេះព្រៃមិនអោយរាលដាលដល់ផ្ទះ និងកន្លែងផ្សេងៗ។
Sancheong គឺជាតំបន់មួយដែលត្រូវបានចាត់ទុករួចហើយជាតំបន់រងគ្រោះមហន្តរាយ ហើយការចាត់ទុកនេះនឹងតម្រូវឱ្យមានការបញ្ចេញមូលនិធិបន្ថែម និងវិធានការផ្សេងទៀត។ ប្រធានាធិបតីស្ដីទី លោក Han Duck-soo ក៏បានបញ្ចូលតំបន់មួយក្នុងខេត្ត South Gyeongsang រួមទាំងតំបន់ ២ផ្សេងទៀតក្នុងទីក្រុង Ulsan និងខេត្ត North Gyeongsang ទៅក្នុងបញ្ជីឈ្មោះតំបន់រងគ្រោះមហន្តរាយផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ AP)