ខេត្តពោធិ៍សាត់៖ រថយន្តដឹកឈើមួយគ្រឿង ក្រឡាប់នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃចន្ទ ៨ រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចដំណាក់ឈើក្រំ ស្ថិតក្នុងភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្បែរស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ ក្នុងដែនសមត្ថកិច្ចលោកសួស សុផានិត ។ នេះបញ្ជាក់ថា បទល្មើសនៃការដឹកជញ្ជូនឈើឆ្លងកាត់ដែនសមត្ថកិច្ចលោកសួស សុផានិត នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ហើយបើរថយន្តនោះមិនក្រឡាប់ ទំនងជាគ្មាននរណាដឹងថា មានបទល្មើសនៃការដឹកជញ្ជូនឈើនោះដែរ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២.៣.៦៦៦ បានក្រឡាប់ផ្ងារកង់ឡើងលើ ចេញសុទ្ធតែឈើប្រណីត ។ នៅក្នុងករណីនេះ ទាំងអ្នកបើកបរ និងកម្មករម្នាក់ ត្រូវគេអះអាងថា បានរងរបួសបន្តិចបន្តួច ហើយបាននាំគ្នារត់ពីទីកើតហេតុនោះទៅ ។
ករណីនៃការដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាការដឹកជញ្ជូនឈើមួយចំនួនចេញពីស្រុកភ្នំក្រវាញ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងកាត់ដែនសមត្ថកិច្ចលោកសួស សុផានិត មិនដែលបង្ក្រាបចាប់បាននោះឡើយ ។ ពួកឈ្មួញឈើនិយាយថា បើទោះបីជាយ៉ាងណាក៏ដោយ អ្នករកស៊ីឈើទាំងតូចទាំងធំ ត្រូវតែទាក់ទងលោកសួស សុផានិត មុននឹងចេញដំណើរឆ្លងកាត់ស្រុកភ្នំក្រវាញ ។
គេមិនដឹងថា តើមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើយល់យ៉ាងណាចំពោះរថយន្តដឹកឈើក្រឡាប់នៅក្បែរស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរបស់លោកសួស សុផានិត នោះទេ ។ ប៉ុន្តែវាជា ភស្តុតាងមួយបញ្ជាក់យ៉ាងច្បាស់ថា បទល្មើសនៃការដឹកជញ្ជូនឈើនៅក្នុងសមត្ថកិច្ចលោកសួស សុផានិត នៅតែកើតមានជារៀងរាល់ថ្ងៃ ។ លោកសួស សុផានិត មិនអាចសុំការបំភ្លឺបានទេ ៕ ប៉ឹម ពិន