ព័ត៌មានទាន់ហេតុការណ៍៖

ស្រែប្រាំងជាង២០ហិកតាក្នុងស្រុកបរិបូណ៌កំពុងខ្វះខាតទឹកពលរដ្ឋស្នើសុំស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិទួលរកា និងទួលធ្លក ក្នុងឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានរាយការណ៍ឲ្យដឹងថា ដីស្រែរបស់ពួកគាត់ទំហំជាង២០ហិកតា ក្នុងចំណោមដីស្រែជាង១០០ហិកតា កំពុងខ្វះខាតទឹកស្រោចស្រពជាបន្ទាន់ ។ ដោយ ឡែកស្រូវស្រែប្រាំង២ហិកតាទៀតបាន​ងាប់អស់ហើយព្រោះតែខ្វះខាតទឹក ហេតុ នេះពួកគាត់ស្នើសុំមន្ទីរកសិកម្មខេត្ត ក៏ ដូចជាមន្ទីរធនធានទឹកខេត្ត មេត្តាជួយអន្តរាគមន៍បន្ទាន់ផ្តល់ប្រេង ឬផ្តល់ម៉ាស៊ីនបូម ទឹក ដើម្បីសង្គ្រោះស្រូវស្រែប្រាំងរបស់ពួកគាត់ផង ។

ប្រជាពលរដ្ឋឈ្មោះ ហេង សំណាង និង ឈ្មោះ ផាត សុភា រស់នៅក្នុងភូមិទួល រកា ឃុំមេលំនៅព្រឹក ថ្ងៃទី៣០ ខែមករានេះ ដែលកំពុងប្រើគោយន្ដ២គ្រឿងបូមទឹកនៅចំណុចស្ទឹងក្រាន ស្ថិតក្នុងភូមិទួលរកាបាននិយាយឱ្យដឹងថា ពួកគាត់បាន រៃលុយ​គ្នាទិញប្រេងចាក់គោយន្តទាំង២គ្រឿង​បូមទឹក ដើម្បីសង្គ្រោះដីស្រែរបស់គាត់​ជាង២០ហិកតាដែលកំពុងខ្វះខាតទឹក នៅចំណុចខាងកើតភូមិទួលធ្លក។ ដោយឡែកដីស្រែរបស់ពួកគាត់ជាង២ហិកតាទៀតបានងាប់ទៅហើយ។

ពួកគាត់បានឲ្យដឹងថា កន្លងមកមន្ទីរ​ធនធានទឹកខេត្ត ក៏ធ្លាប់ជួយប្រេងពួកគាត់ចំនួន២០០លីត្រ និងម៉ាស៊ីផងដែរ ដើម្បីចាក់ម៉ាស៊ីនបូមទឹកស្រោចស្រពស្រែ ប៉ុន្តែ ម៉ាស៊ីនរបស់មន្ទីរធនធានទឹក ដែលផ្ដល់មកនោះចេះតែខូចរហូតដូច្នេះពួកគាត់ត្រូវការ ប្រើប្រាស់ម៉ាស៊ីនពួកគាត់វិញ ដើម្បីបូមទឹកសង្គ្រោះស្រូវស្រែប្រាំង ក៏ប៉ុន្តែមកដល់ពេលនេះប្រេងចំនួន២០០លីត្រនេះបានប្រើ ប្រាស់អស់ទៅហើយពួកគាត់ត្រូវដើររៃ លុយគ្នាទិញប្រេងចាក់បូមទឹកបន្តសង្គ្រោះ ដីស្រែពួកគាត់ ។

ពួកគាត់បានបន្តទៀតថា ដោយឡែក កន្លងមកមន្ទីរធនធានទឹក ក៏ធ្លាប់បានសន្យាចំពោះមុខពួកគាត់ថា នឹងធ្វើទំនប់ទប់ទឹកនៅចំណុចខាងលើនេះ ដើម្បីយកទឹកទៅស្រោចស្រពស្រែតែមកដល់ពេលនេះ ពុំទាន់ឃើញធ្វើតាមការសន្យារបស់មន្ទីរធនធានទឹកឡើយ ។ ហេតុនេះពួកគាត់ស្នើសុំ អាជ្ញាធរស្រុក-ខេត្ត មេត្តាជួយអន្តរាគមន៍ ធ្វើទំនប់ទឹក និងជួយផ្តល់ប្រេង ដើម្បីឲ្យពួកគាត់បានប្រើប្រាស់បូមទឹកស្រោចស្រពស្រែបន្ត ដោយអនុគ្រោះផង ។

ទាក់ទងនឹងសំណូមពរខាងលើ​នេះ​លោក ដោក ប៊ុនថន មន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ឆ្នាំងបានឆ្លើយតបឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករានេះថា ដី ស្រែរបស់ពួកគាត់នៅចំណុចខាងលើនេះ គឺជាដីរានថ្មី ហើយមានប្រភពទឹកមិនច្បាស់លាស់កន្លងមកអាជ្ញាធរស្រុកខេត្ត ក៏បានសំណូមពរកុំឲ្យពួកគាត់ធ្វើស្រែដែរ តែពួក​គាត់មិនស្តាប់នោះទេ ហេតុនេះហើយទើបប្រឈមនឹងការខ្វះខាតទឹក ។តែទោះបីយ៉ាងណាក៏មន្ទីរធនធានទឹកខេត្ត បានធ្លាប់ជួយ ប្រេង និងម៉ាស៊ីនបូមទឹកឲ្យពួកគាត់ផងដែរ ហើយការខ្វះខាតខាងលើនេះលោក និយាយថា ម្តេចក៏មេភូមិមេឃុំមិនស្នើសុំប្រេងមកមន្ទីរបន្តទៀត?ខាងមន្ទីរនឹងបន្ត ជួយឧបត្ថម្ភជាមិនខានឡើយដើម្បីទៅបូមទឹកបន្តទៀត ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត លោក ដោក ប៊ុនថុន បានឲ្យដឹងទៀត ថា ស្អែកប្រេង នឹងមកដល់ហើយសម្រាប់ជួយចំនួន១០០លីត្របន្ថែមទៀតផងដែរ ៕ ហេង សូរិយា


ចែករំលែក៖