ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបង្គាប់ឲ្យ អភិបាលខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ ត្រូវចុះមើលផ្លូវក្រលុកសំបុក និងចាប់ផ្តើមជួសជុល ធ្វើដូច្នេះ ដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរជាបន្តទៀត និងកាត់បន្ថយការចំណាយថវិកាជាតិផងដែរ ។
ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់លើដងផ្លូវនៅរាជធានីភ្នំពេញ ជាមួួយអភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៏ ១២រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អោយអភិបាលខណ្ឌទាំង១២ នៅក្នុងរាជធានី ចុះមើលផ្លូវជាប្រចាំ និងធ្វើការជួសជុលផ្លូវ បន្ទាប់ពីផ្លូវបានខូចខាត ក្រោយរដូវវស្សាកន្លងផុតទៅនេះ បើផ្លូវណាដែលខណ្ឌមិនមាន លទ្ធភាពជួសជុល ខណ្ឌត្រូវធ្វើរបាយ ការណ៍ឡើងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះ ស្រាយជាបន្ទាន់ ។ ករណីជួសជុលផ្លូវដែលខូចខាតនេះ លោកក៏បានអោយមន្ត្រីជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវចូលរួមត្រូតពិនិត្យផងដែរ។
លោកបានបញ្ជាក់ថា៖ គោលបំណងនៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់នេះ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយការចំណាយថវិកាជាតិ និងជាការទប់ស្កាត់កុំអោយមានការខូចខាតដល់គ្រឹះខាងក្រោមផ្លូវផងដែរ។
ជាមួយគ្នា លោកឃួង ស្រេង ក៏តម្រូវអោយខណ្ឌត្រូវជូនដំណឹងដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ត្រូវតែចូលរួមជួសជុលផងដែរ ដោយ សារតែរថយន្តដឹកធ្ងន់នេះហើយបណ្តាលអោយមានការខូចខាតផ្លូវជាទម្ងន់នោះ។
ចំពោះការជួសជុលផ្លូវខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់ ខណ្ឌ៤ក្នុងក្រុង មានខណ្ឌ៧មករា ចំការមន ដូនពេញ និងខណ្ឌទួលគោក គឺជួសជុលបាន៩២%ហើយ រហូតមកដល់ចុងខែមករានេះ ចំណែកខណ្ឌ៨ផ្សេងទៀត គឺជួសជុលបានតែ៣០%ទេ ដោយសារផ្លូវភាគច្រើន ជាផ្លូវបេតុង ដូច្នេះត្រូវការចំណាយពេល និងថវិកាទំហំធំ។
លោកប្រធានមន្ទីរ បានលើកឡើងថា រហូតដល់ចុងខែមករានេះ នៅសល់ផ្លូវចំនួន១៤០ខែ្សទៀតមិនទាន់បានជួសជុល។ តែយ៉ាងណានឹងធ្វើអោយបានរួចរាល់ ក្នុងរយះពេល៤សប្តាហ៍ បន្ទាប់ពីចូលឆ្នាំចិន វៀតណាមរួច៕ សំរិត