ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៤ របួសមនុស្សចំនួន៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៤.៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រផលិតទឹកកក ស្ថិតក្នុងភូមិបន្ទាយប្រីយ៍ឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿងម៉ាក ប៊ុងហ្គូ ក្បាលពណ៌ទឹកប៊ិច(រថយន្តដឹកទឹកកក) ពាក់ស្លាកលេខ ព្រះសីហនុ ២A ៤២៣៨ អ្នកបើកបរគេចខ្លួន មកដល់ចំណុចកើតហេតុរថយន្តដែលមានទិសដៅពីត្បូងទៅជើង បានបត់ចូលរោងចក្រផលិតទឹកកក ក៏មានម៉ូតូ០១គ្រឿងទៀតម៉ាក R Black ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាបុកពេញទំហឹង បណ្តាលឲ្យរងរបួសមនុស្សចំនួន៣នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ១. ឈ្មោះ ខេង ច័ន្ទ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ ជាងសំណង់ មានទីលំនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើងស្រុកដងទង់ខេត្តកំពត រងរបួសធ្ងន់(អ្នកបើកបរម៉ូតូ) ២. ឈ្មោះ អាន ជីវន្ត ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរ និង ទីលំនៅដូចគ្នា រងរបួសធ្ងន់ (អ្នករួមដំណើរពីក្រោយ) ៣. ឈ្មោះ ហឿន លីដា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ និង ទីលំនៅដូចគ្នា រងរបួសស្រាល។

បច្ចុប្បន្នអ្នករបួសបញ្ជូនមកសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ វត្ថុតាងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖