ព័ត៌មានទាន់ហេតុការណ៍៖

តារាបាល់ទាត់ក្លឹប SCG Muangthong United ផ្ដល់កម្លាំងចិត្តដល់អនាគតកីឡាករជំនាន់ក្រោយរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមតារាបាល់ទាត់ក្លឹប SCG Muangthong United នៃព្រះរាជាណាចក្រថៃបាន ផ្ដល់កម្លាំងចិត្តដល់អនាគតកីឡាករជំនាន់ក្រោយរបស់កម្ពុជានៅក្នុងអំឡុងវគ្គហ្វឹកហាត់បាល់ទាត់ “Kick an d Share by SCG”។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី ០៨ កុម្ភៈ ២០១៩នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិច។

អេសស៊ីជី ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានអញ្ជើញយុវជនកីឡាករបាល់ទាត់កម្ពុជា ដែលមានទេពកោសល្យចំនួន ២០០ នាក់ មកចូលរួមនៅក្នុងកម្មវិធី “Kick and Share by SCG” ដែលជាវគ្គហ្វឹកហាត់បាល់ទាត់ និងបានប្រព្រឹត្តទៅនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ នាថ្ងៃនេះ ។ ក្នុងវគ្គហ្វឹកហាត់បាល់ទាត់នោះមានការចូលរួមពីកីឡាករ និងគ្រូបង្វឹកមកពីក្លឹប SCG Muangthong United ជាក្លឹបបាល់ទាត់អាជីពរបស់ថៃ ហើយបានរៀបចំឡើងមួយថ្ងៃមុនពេលដែលក្លឹបនេះប្រកួតជាមួយនឹងក្រុម K Cement All Stars របស់កម្ពុជា ដែលជាការប្រកួតលក្ខណៈមិត្តភាពសប្បុរសធម៌។

លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះជាផ្នែកមួយនៃកម្មវិធី “SCG Muangthong United ASEAN Tour ២០១៩” ហើយបានជួយផ្ដល់នូវជំនាញក្នុងការលេងបាល់ទាត់សម្រាប់យុវជនកម្ពុជា ដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ពួកគេក្នុងការសម្រេចបាននូវក្ដីសុបិនផ្នែកកីឡាបាល់ទាត់ ហើយលើកទឹកចិត្តឲ្យពួកគេចូលរួមនៅក្នុងសកម្មភាពដែលមានប្រយោជន៍។ លោក ពង់ថាណា មានប្រសាសន៍ថា៖ “អេសស៊ីជីមានការតាំងចិត្តក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ និងប្រទេសដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម។ យើងមានជំនឿមុតមាំថា កីឡា និងការកម្សាន្តគឺជាផ្នែកដ៏មានតម្លៃក្នុងជីវិតរបស់យើង។ ដោយមូលហេតុនេះហើយ ទើបបានជាយើងបានផ្ដួចផ្ដើមនូវគម្រោងជាច្រើន រាប់បញ្ចូលទាំងគម្រោង ‘Kick and Share by SCG’ នេះផងដែរ ដើម្បីនាំមកនូវអនាគតកាន់តែភ្លឺស្វាងសម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ។ យើងសង្ឃឹមថា កម្មវិធីនេះនឹងជំរុញទឹកចិត្តដល់កុមារឲ្យចូលរួមនៅក្នុងការលេងកីឡា ហើយអាចក្លាយជាតារាបាល់ទាត់នាពេលអនាគតរបស់កម្ពុជាបាន”។

តាមរយៈការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កុមារមកពីទីកន្លែងផ្សេងៗបានចូលរួមនៅក្នុងវគ្គហ្វឹកហាត់បាល់ទាត់នេះ ដែលកម្មវិធីបែបនេះត្រូវបានអេសស៊ីជីរៀបចំជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនេះ កុមារទាំងនោះក៏បានទទួលសម្ភារកីឡាបាល់ទាត់ ដែលពួកគេអាចយកទៅប្រើប្រាស់សម្រាប់ការហ្វឹកហាត់បន្ថែមទៀត។ វគ្គហ្វឹកហាត់បាល់ទាត់នេះ គឺជាផ្នែកមួយនៃការងារផ្នែកអប់រំរបស់ក្រុមហ៊ុន អេសស៊ីជី ដែលបានផ្ដល់អាហារូបករណ៍ជាងមួយពាន់កន្លែងដល់យុវជនកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្តីសុបិន”។ គម្រោងទាំងពីរនេះ ជាតឹកតាងបង្ហាញអំពីសេចក្តីប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការជួយអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីកន្លែងដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះយុវជន ដែលដើរតួនាទីសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖