ភ្នំពេញ៖ អគ្គិភ័យឆេះរោងចក្រផលិតម្ចុល ដេរយីហោ( មីកូដុ )ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំបូល ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ អស់ស្ទើរតែទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រោងចក្រកើតហេតុខាងលើនេះ មិនមានកម្មករធ្វើការនោះទេ ហើយពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយ រួមជាមួយអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ទើបភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើងផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង ដោយប្រើទឹកអស់ជាច្រើនឡាន និងប្រើរយះពេលជាង៣ម៉ោងទើបអាចគ្រប់គ្រង់ស្ថានការបានទាំងស្រុង នៅវេលាម៉ោង៥និង៣០នាទីរលត់ ទាំងស្រុង នៅថ្ងៃខែដដែល ហើយក្នុងការជួយពន្លត់អគ្គិភ័យនេះ កម្លាំងជំនាញពិបាកនឹងអន្តរាគមន៍បន្តិច ដោយសារតែការឆាបឆេះនោះគឺពិបាកចូលទៅបាញ់ពន្លត់នៅខាងក្នុង តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ ។
សមត្ថកិច្ចបានបន្តទៀតថា រោងចក្រដែលឆេះមានទំហំ ទទឹង៤៥ម៉ែត្រ បណ្តោយ៦៥ម៉ែត្រ និងសម្ភារក្នុងរោងចក្រ គឺត្រូវបានអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង ។ ចំណែកមូលហេតុនៃការឆាបឆេះរោងចក្រនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនោះទេ ៕ សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច