ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ យ៉ាងសន្ធោសន្ធៅ ដោយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង ។ ភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើងផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២២គ្រឿង ដោយប្រើប្រាស់រយះពេល៣ម៉ោង ទើបអាចគ្រប់គ្រង់ស្ថានភាពទាំងស្រុង ។ សមត្ថកិច្ចបានបន្តថា ក្នុងការជួយពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងជំនាញពិបាកនឹងអន្តរាគមន៍បន្តិច ដោយសារតែការឆាបឆេះនោះ គឺនៅជាន់ទី២ នៃបន្ទប់ដាក់ឥវ៉ាន់ មានដូចជាចានឆ្នាំង ចាន់ដែកជ័រជាដើម ។
សមត្ថកិច្ចបានបន្តទៀតថា សម្ភារក្នុងផ្ទះត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង ហើយមូលហេតុ ជំះហានដំបូងសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី ៕ ភារ៉ា ដង្កោ