ខេត្តកំពង់ស្ពឺ៖ ធ្លាប់តែឃើញដើរស៊ីចាយ សប្បាយហឺហារ គេគ្រប់គ្នាគោរពហៅសុទ្ធ តែឧកញ៉ា តែចុងក្រោយ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ ទើបដឹងថា ជាជនឆបោក រំលោភលើទំនុកចិត្ត លើដីធ្លីទៅវិញ ។
ការឃាត់ខ្លួនឧកញ៉ាក្លែងក្លាយ នេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ករណី រំលោភទំនុកចិត្ត ប្រព្រឹត្តនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យឈ្មោះ សូ សារឹម ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ឈ្មួញរកស៊ីដី នៅភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពពីមន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ” តាមរឿងរ៉ាវ ឧកញ៉ាក្លែងក្លាយ ឬឧកញ៉ាប៉ម នេះ បានទិញដីពីប្រជាពលរដ្ឋ មិនឲ្យលុយ ហើយលួចយកទៅលក់ បន្តឲ្យថៅកែធំ ដោយបន្លំ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើឯកសារដែលមានការទទួលស្គាល់ពីអាជ្ញាធរ (ប៉ុន្តែម្ចាស់ដីពិតប្រាកដ រងគ្រោះ ទឹកភ្នែកដោយសារតែអំពើបុគ្គលឈ្មោះសូ សារឹម) ដោយគ្រាន់តែកក់លុយបន្តិចបន្តួចតែប៉ុណ្ណោះ ហើយនៅពេលម្ចាស់ដីសួរនាំ ឬទារលុយឧកញ៉ាប៉ម នេះសន្យាហើយសន្យាទៀត គឺសន្យាខ្យល់” ។
ប្រភពបន្តថា ” តាមសម្ដីលោកមេភូមិម្នាក់ មិនបញ្ចេញឈ្មោះ បានបង្ហើបថា ដោយសារតែខ្លាចអំណាចបុគ្គលនេះ អាងខ្នងទើបពួកគាត់ សុខចិត្ដ ខាំមាត់ សង្កត់ចិត្ដ អង្វរ លោកសូ សារឹមថា មេត្ដាប្រគល់ប្រាក់ថ្លៃដីដែលទិញពីពួកគាត់(ប្រជាពលរដ្ឋ) ឲ្យបានគ្រប់ចំនួន តែគាត់(សូសារឹម) យកលេសថា ឯកឧត្តមនេះ ឯកឧត្តមនោះ មិនទាន់ឲ្យលុយមកគ្រប់ ដែលធាតុពិតគឺអ្នកទិញបាន ទូទាត់លុយរួចអស់ហើយ” ។
មហាជនបានលើកឡើងថា សកម្មភាពនេះ ឈ្មោះ សូ សារឹម មិនមែន មានខ្នងបង្អែកតូចតាចត្រឹម អាជ្ញាធរមូលដ្ឋាននោះទេ (ក្រុមប្រឹក្សាស្រុក) ទំនងជាមានអ្នកការពារ ធ្វើជាបង្អែកធំជាងនេះ ហើយមើល៍ទៅ ទើបឈ្មោះនេះ ចាយលុយដូចក្រដាស ដែលលុយទាំងនោះ គឺជាលុយរបស់ពលរដ្ឋម្ចាស់ដី ។ យ៉ាងណាៗអំំពើទុច្ចរិត មិនអាចគង់វង់បានយូរឡើយ ជាក់ស្តែងដូចជាលុយ ដែលបុគ្គលសូ សារឹម ចាយគឺជាលុយថ្លៃដីរបស់ពលរដ្ឋ ម្ចាស់ដី ដែលគាត់យកទៅលក់ ហើយមិនឲ្យលុយថ្លៃដីជូនពលរដ្ឋស្លូតត្រង់ ។
អ្នកស្រុកឧដុង្គ អ្នកណាក៏គេស្គាល់ថា ឧកញ៉ាប៉មរូបនេះ ជា អ្នកគក់ជេដី ដ៏ល្បីឈ្មោះ ក្នុងទឹកដី ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ កុម្ភៈ ២០១៩ថា “ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូល ខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើ ទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យ បានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ” ។
ប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ី នៅបាត់ដឹង ស្រុកឧដុង្គ បានលើកឡើងថា ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគក់ជេដីរូបនេះ ដែលប្រជាពលរដ្ឋល្បីតៗគ្នាថា បានប្រកាសខ្លួនមានងារជា ឧកញ៉ា ប៉ុន្តែមិនដែលបានបង្ហាញ ឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជា ឧកញ៉ារបស់បុគ្គលម្នាក់នេះទេ។
ក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់ខ្លួន ជនសង្ស័យ ក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំព្រះស្រែ ដោយគេចវេះមិនព្រមប្រគល់ លុយឲ្យម្ចាស់ដី ហើយយកដីពលរដ្ឋទៅលក់បន្ត ជាច្រើនលើកច្រើនសារ និងមានអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីទាំងអស់នេះផងដែរ ។
ពាក់ព័ន្ធករណីចាប់ខ្លួនជនសង្ស័យ ជាអ្នករកស៊ីគក់ជេដី ដែលប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ចបានបង្ហើបថា បច្ចុប្បន្ន នគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ