ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រុនផ្តាសាយជ្រូក វាយប្រហារខេត្តចំនួន​២០នៅប្រទេសចិន

ចែករំលែក៖

ជំងឺគ្រុនផ្តាសាយជ្រួក ដែលបានកើតឡើងនៅអាហ្វ្រិក ត្រូវបានឲ្យឈ្មោះថា «ផ្តាសាយជ្រូកអាហ្វ្រិក » ពេលនេះកំពុងរាលដាលចូលដល់ប្រទេសចិន​ ដោយមានខេត្តចំនួន​២០បានឆ្លងរាលជំងឺនេះ ។

ក្រសួងកិច្ចការជនបទ និងកសិកម្មប្រទេសចិនបានបញ្ជាក់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ជំងឺផ្តាសាយជ្រូកអាហ្វ្រិកនេះ បានផ្ទុះឡើងនៅកសិដ្ឋានមួយ ស្ថិតនៅតំបន់ Yongzhou ភាគកណ្តាលខេត្ត Hunan ។ កន្លែងនោះមានសត្វជ្រុកចិញ្ចឹមប្រមាណ៤៦០០ក្បាល ។

ក្នុងចំណោមសត្វជ្រូកទាំងនោះ ១៧១ក្បាលបានងាប់ និង២៧០ក្បាលទៀតធ្លាក់ខ្លួនឈឺ ។ ក្រសួងកសិកម្មចិនបានតម្រូវឲ្យសម្លាប់សត្វជ្រូកនៅក្នុងកសិដ្ឋាននោះទាំងអស់ ព្រមទាំងសម្អាតទីកន្លែងទាំងមូល ចៀសវាងមេរោគឆ្លងរាលដាលទៅកាន់ទីកន្លែងផ្សេងទៀត ។

ជំងឺនេះផ្ទុះឡើងដំបូងនៅក្នុងខែសីហា ឆ្នាំ២០១៨ ។ វាបានបណ្តាលឲ្យសត្វជ្រូកជាង១លានក្បាលងាប់នៅក្នុងប្រទេសចិន បង្ខំឲ្យមានការកាត់ផ្តាច់ការដឹកជញ្ជូនសត្វជ្រូកឆ្លងកាត់ប្រមាណ៧០០លានក្បាល បើទោះបីសត្វជ្រូកខ្លះមានសុខភាពល្អយ៉ាងណាក៏ដោយ ។ ការណ៍នេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មសាច់ជ្រូក ។

ជំងឺផ្តាសាយជ្រូកអាហ្វ្រិកនេះ បើតាមជំនាញថា មិនប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែវីរុសនេះ មានកម្រិតឆ្លងយ៉ាងឆាប់រហ័សតែទៅលើសត្វជ្រូកប៉ុណ្ណោះ ។

ជាច្រើនករណីបានឆ្លងរាលដាលអំពីជំងឺនេះ ក្នុងអំឡុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងខេត្តយ៉ាងតិច២០ទូទាំងប្រទេសចិន ។ គេមិនអាចដឹងថា មេរោគនេះចូលមកដល់ប្រទេសចិនតាមរយៈណានោះទេ ប៉ុន្តែវាមានហ្សេនដូចទៅនឹងវីរុសឆ្លងនៅប្រទេសរុស្ស៊ី ប៉ូឡូញ និង Georgia នោះដែរ ៕


ចែករំលែក៖