ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋដ៏សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌដូនពេញ បានបង្ក្រាបនិងធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ដោយជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូប និងឆក់ទូរស័ព្ទលើជនជាតិខ្មែរ និងជនបរទេស) ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីបង្ក្រាបក្រុមចោរឆក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះមិនស្គាល់ឈ្មោះ ជនជាតិអឺរ៉ុប បានដើរម្នាក់ឯង លុះមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះ ក៏បានឈប់ ហើយកាន់ទូរស័ព្ទដៃចុចលេង ពេលនោះ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ខៀវលាយ ស បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះ ក៏ស្រែកផ្អើលឆោឡោ ស្របពេលកម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍ ក៏ អន្តរាគមន៍ដេញប្រថាប់ចាប់ប្រភីង ធ្វើឲ្យជនសង្ស័យភ័យរេចង្កូតដួលម៉ូតូ សមត្ថកិច្ច ក៏បានបង្ក្រាបជាក់ស្តែងបានជនសង្ស័យម្នាក់ឈ្មោះ កាក់ លីហ័រ រួមនឹងវត្ថុតាងធ្វើសកម្មភាពម៉ូតូ១គ្រឿងផងដែរ ដោយនាំមកប៉ុស្តី៍រដ្ឋបាលវត្តភ្នំដើម្បី សាកសួរ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះផាត ដែលជាអ្នកជិះពីក្រោយ និងធ្វើសកម្មឆក់បានរត់គេចខ្លួនបាត់ ព្រមជាមួយទូរស័ព្ទដៃរបស់ជនរងគ្រោះផងដែរ រីឯជនរងគ្រោះជាស្ត្រីជនបរទេសបានឡើង រថយន្តឈ្នួលចេញទៅបាត់ ដោយមិនបានដាក់ពាក្យបណ្តឹង ឬស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឡើយ ។
ប្រភពបន្តថា បន្ទាប់ពីបានតម្រុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កម្លាំងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ អំពីមុខសញ្ញាបក្ខពួក និងសមាសភាពក្រុមឆក់ដទៃទៀត ហើយបានបន្តបើកការ ការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបសមាសសភាពឆក់ក្រុមទី២ នៅចំណុចក្រោយផ្សាររាត្រី ដែលមានឈ្មោះ ១ ឈ្មោះថេង សុងហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ២ ឈ្មោះម៉ៅ វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
ជាវិធានការជំនាញជីកឫសគល់ កាប់មែក កាប់ធាង សមត្ថកិច្ចបានបន្តជាន់យកចម្លើយជនសង្ស័យ និងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តដោយពន្លាត ដែនសមត្ថកិច្ចតាមច្បាមដល់ខណ្ឌចំការមន រហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រ បានបង្ក្រាប និងឃាត់ខ្លួនសមាសសភាពឆក់ក្រុមទី៣ចំនួន ២នាក់បន្ថែមទៀត នៅកោះពេជ្យដែលមានឈ្មោះ ៖ ១ ឈ្មោះ នៅ ជែម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ២ ឈ្មោះ វុទ្ធី ដារ៉ុងរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ សុទ្ធសឹងជាសមាសភាពឆក់សកម្ម ជាអាជីព តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ដែលតែងធ្វើសកម្មភាពលើជនបរទេស និងជាសមាសភាពប្រើប្រាស់គ្រឿងញៀន ហើយកិច្ចប្រតិបត្តិការបង្ក្រាបនេះ បានចាប់ផ្តើមពីពេលកើតរហូតមកដល់វេលាម៉ោង៣និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃចំនួន ២គ្រឿង, កាបូបក្រវាត់ចង្កេះជនបរទេស១ និងសម្ភារផ្សេងៗ និងម៉ូតូចំនួន ៣គ្រឿង ម៉ាក់ C125 ពណ៌ខ្មៅ១គ្រឿង ម៉ាក Beat១គ្រឿង និងម៉ាក់ Nex១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចនាំយកទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ស តារា