ខេត្តសៀមរាប៖ ចោរស្ទើរភ្លើងម្នាក់ ក្រោយពិនិត្យ ឃើញថា មានឱកាសល្អ ពេលម្ចាស់ម៉ូតូស្រវឹងស្រាដេកក្បែរចិញ្ចើមថ្នល់ ស្រាប់តែលួចយកម៉ូតូ ជិះចេញបានបន្ដិច ទំនងជាភ័យខ្លាំង ស្រាប់ភ្លាត់ស្នៀតជិះដួល របួសឈាមពេញមុខ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ ភឹង ចន្ដា រ៉េត ស្នងការរង បានឲ្យដឹង ថា ជនរងគ្រោះឈ្មោះ ជាក់ ចិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានជិះម៉ូតូម៉ាក ស៊ូមម័រ ស៊េរីឆ្នាំ ២០១៦ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1Y3981 ជិះទៅញាំការនៅភូមិ រការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតដល់ម៉ោង ៤និង៣០នាទីល្ងាច ទើបត្រឡប់មកក្រុងសៀមរាបវិញ តែម្នាក់ឯង តាមថ្នល់ជាតិលេខ៦ មកដល់ចំណុចភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ស្រាប់តែស្រវឹងវិលមុខ ខ្លាំងពេកក៏សម្រេចចិត្តឈប់ម៉ូតូរួចដេកនៅចម្រាក់ថ្នល់ តែម្ដង ។
ខណៈពេលនោះ ម្ចាស់ម៉ូតូបានដឹង និងពលរដ្នបានឃើញក៏ប្ដឹង មកសមត្ថកិច្ច ដោយជនសង្ស័យ ភ័យពេក ក៏ជិះម៉ូតូគេច បានប្រហែល៥០០ម៉ែត្រក៏ដួលបោកក្បាលខ្លួនឯងរងរបួស ធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។
ក្រោយមកសមត្ថកិច្ចប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំណែក ជនសង្ស័យត្រូវដេកពេទ្យ ហើយប្រឈមមុខនឹងផ្លូវ ច្បាប់។
ពាក្យចាស់ពោលថា លួចគេបានវាគ្រាន់ តែបើគេតាមទាន់ វាក្រែល ៕ ប៊ុនរិទ្ធី