ទាហានជើងទឹកឥណ្ឌា អាចនិយាយថា មិនទាន់ទំនើប ដូចប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី ដូច្នេះហើយឥណ្ឌាបានចាប់ផ្តើមពង្រឹង សមត្ថភាព កម្លាំងជើងទឹក ដោយទិញបន្ថែមឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ។
ប្រទេសជិតខាងឥណ្ឌា ក្នុងនោះមានចិនជាដើម បានអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងវិស័យទាហានជើងទឹក។ ក្នុងពេលនេះដែរ ឥណ្ឌាក៏បានសម្រេច បង្កើនសមត្ថភាព កម្លំាងទាហានជើងទឹករបស់ខ្លួនឲ្យកាន់តែខ្លាំង រដ្ឋាភិបាលបានសម្រេចទិញឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឥណ្ឌាបានផ្ញើនូវសេចក្តីជូនដំណឹង អញ្ជើញក្រុមហ៊ុនដៃគូបរទេសឱ្យបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផលិតឧទ្ធម្ភាគចក្រចំ ១១១គ្រឿង សម្រាប់កម្លាំងទាហានជើងទឹកឥណ្ឌា ដោយ ចំណាយប្រាក់មានរហូតដល់ទៅ៣ពាន់លានដុល្លារអាមេរិក ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ក្រុមហ៊ុនផលិតយន្តហោះ មានដូចជា Lockheed Martin, Airbus Helicopters និង Bell Helicopters ស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ដែល ដាក់ដេញថ្លៃផលិតឧទ្ធម្ភាគចក្រ សម្រាប់ជំនួសឧទ្ធម្ភាគច័ក្រ ចាស់ៗទិញពីសហភាពស៊ូវៀត ។ គម្រោងទិញឧទ្ធម្ភាគចក្រខាងលើ ក្នុងគោលដៅជួយសង្គ្រោះ ជម្លៀសពលរដ្ឋ ក៏ដូចជាដឹកជញ្ជូន ។
សម្រាប់ការដេញថ្លៃ ផលិត ឧទ្ធម្ភាគចក្រ បណ្តាក្រុមហ៊ុនឥណ្ឌាដូចជា Tata Advanced Systems, Mahindra Defence, Adani Defence, L&T, Bharat Forge និង Reliance Infrastructure ក៏ចូលរួមផងដែរ ។ បណ្តាក្រុមហ៊ុនក្នុងស្រុកនិងសហការជាមួយក្រុមហ៊ុនបរទេសដើម្បីផលិតឧទ្ធម្ភាគចក្រ តាមសំណើរបស់រដ្ឋាភីបាល ដើម្បីលើកស្ទួយវិស័យឧស្សាហកម្មការពារជាតិ របស់ឥណ្ឌា និងកាត់បន្ថយការទិញសព្វាវុធពីបរទេស ៕