នៅទីបំផុត សភាអាមេរិក បានយល់ព្រម ចំណាយប្រាក់ទៅលើគម្រោងសាងសង់ជញ្ជាំង ព្រំដែននៅជាប់ប្រទេសម៉ិចស៊ីកូ ។ ទោះបីការចំណាយមិនគ្រប់ចំនួនដូចការចង់បានរបស់ លោកត្រាំ ប៉ុន្តែ ក៏ជាជោគជ័យមួយរបស់លោក ។ សភាបានអនុម័ត ចំណាយប្រាក់ ១,៤ពាន់លានដុល្លារ សម្រាប់ សង់ជញ្ជាំង។
កាលពីថ្ងៃទី១២ ខែកុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងថា ការគំរាមកំហែងបិទទ្វាររដ្ឋាភិបាលទំនងជាលែងមានទៀតហើយ បើទោះបីថា ទឹកប្រាក់ដែលបានទាមទារដើម្បីសាងសង់កំផែងព្រំដែននោះ មិនបានសម្រេចតាមគម្រោងយ៉ាងណាក៏ដោយ ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានយល់ព្រមផ្តល់ទឹកប្រាក់ប្រមាណតែ១,៤ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់សង់កំផែងព្រំដែន តិចជាងឆ្ងាយណាស់ដែលលោកដូណាល់ ត្រាំចង់បានរហូតដល់៥,៧ពាន់លានដុល្លារនោះ ។
សមាជិកព្រឹទ្ធសភា Rechard Shelby ប្រធានក្រុមចរចានៃគណបក្សសាធារណរដ្ឋ បានហៅកិច្ចព្រមព្រៀងនេះថា «ជាដំណោះស្រ័យមួយដ៏ល្អប្រពៃ» ខណៈដែលលោក Patrick Leahy ប្រធានក្រុមចរចាគណបក្សប្រជាធិបតេយ្យសង្ឃឹមថា ការសម្របសម្រួលមួយនេះទំនងជាអាចទៅរួច រង់ចាំតែការចុះហត្ថលេខារបស់លោក ត្រាំ តែប៉ុណ្ណោះ ។
អ្នកតំណាងរាស្ត្រទាំងអស់ ក្នុងនោះមានមកពីគណបក្សសាធារណរដ្ឋផ្ទាល់តែម្តងបានដាក់សម្ពាធឲ្យលោក ដូណាល់ ត្រាំ ត្រូវតែទទួលយកនូវអ្វីដែលមាននៅលើតុរួចជាស្រេចនេះ ។
លោកដូណាល់ ត្រាំ បានមានប្រសាសន៍ថា «ខ្ញុំមិនអាចនិយាយថា ខ្ញុំសប្បាយចិត្ត , ខ្ញុំមិនអាចនិយាយ ខ្ញុំរំភើង»នោះទេ ។ ប៉ុន្តែលោកបានថ្លែង នៅក្នុងកិច្ចប្រជុំសភានៅឯសេតវិមាននោះថា «ខ្ញុំមិនគិតថា អ្នករាល់គ្នាបានមើលឃើញពីការបិទទ្វារ(រដ្ឋាភិបាល)ទៀតឡើយ» ៕