ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆេះទាំងស្រុង បណ្តាលមកពីភ្លេច ពន្លត់ភ្លើងធូប

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ មួយខ្នង បានកើតឡើង ដោយសារតែម្ចាស់ផ្ទះ មានការធ្វេសប្រហែស ក្នុងការអុជ ធូបបន់ស្រន់ តែភ្លេចពន្លត់ភ្លើងធូប បណ្តាលឲ្យ ភ្លើងឆេះជើងធូប ហើយឆេះរាលដាល់ដល់ សម្ភារក្នុងផ្ទះ ហើយឈានដល់ឆេះផ្ទះ ទាំងស្រុងតែម្តង ទើបបង្កឲ្យមានការភ្ញាក់ ផ្អើល ដល់ប្រជាពលរដ្ឋ ក្នុងភូមិ នាំគ្នា មកជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើង កាលពីវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅ ភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ បានបញ្ជាក់ថា ក្នុងករណី ភ្លើងឆេះផ្ទះរបស់ប្រជា ពលរដ្ឋនេះ រថយន្តពន្លត់អគ្គិភ័យ ប្រចាំអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ពុំបានចេញទៅជួយពន្លត់ អគ្គិភ័យនេះទេ ដោយមូលហេតុ ដោយសារតែទទួលព័ត៌មាន មានការយឺតយ៉ាវ ធ្វើឲ្យភ្លើងឆេះផ្ទះ ដែលមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ប្រូស៊ីម៉ង់ ដែលម្ចាស់ផ្ទះមានឈ្មោះ ដែក អ៊ី ភេទស្រី អាយុ៦៨ឆ្នាំ បណ្តាលឲ្យខូចខាតដូចជា គ្រែឈើកកោះចំនួន១គ្រឿង ទូឈើចំនួន១គ្រឿង ពូកចំនួន០១ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត ។

បន្ទាប់ពី ភ្លើងបានរលត់អស់ សមត្ថកិច្ច នៃអធិការស្រុកបារាយណ៍ បានចុះពិនិត្យទីតាំង ភ្លើងឆេះផ្ទះ និងបានកំណត់មូលហេតុ នៃការបង្ករឲ្យមានភ្លើង ឆេះផ្ទះនេះ គឺបណ្តាលមកពី ការធ្វេសប្រហែសក្នុងការអុជភ្លើងធូប ក្នុងនោះសមត្ថកិច្ច នៃអធិការស្រុកបារាយណ៍ ក៏បានសំណូមពរឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ អគ្គិភ័យកើតឡើង ក្នុងរដូវក្តៅនេះ មុនចាកចេញពីផ្ទះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖