ភ្នំពេញ៖ ប្រពលរដ្ឋជាង៣០០នាក់ មកពីសហគមន៍ការពារធម្មជាតិនៃខេត្តទាំង០៤ រួមមានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលគ្រប់ដណ្តប់ដោយព្រៃឡង់ បានមកជួបជុំ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» តំបន់វាលតាសិល្ប៍ ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីបំបួសដើមឈើ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបន្តគង់វង្សសម្រាប់អនាគត។ ពិធីបំបួសដើមឈើ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី ក្រសួងនិងមន្ទីរបរិស្ថាន ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរមូលដ្ឋាន សិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋ តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផ្សេងទៀត។
អ្នកស្រី ភោគ ហុង គណៈកម្មការព្រៃឡង់ ខេត្តព្រះវិហារ បានឲ្យដឹងថា គោលបំណងដែលរៀបចំឲ្យមានការបំបួសដើមឈើនេះ គឺជាការរក្សាប្រពៃណីសាសនាជនជាតិដើមភាគតិច និងការរំលឹកគុណព្រៃឈើ ដែលបានជួយថែរក្សា និងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ ការពារធនធានជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់កាន់តែប្រសើថែមទៀត។
លោក វង់ សាន ប្រធានសហគមន៍ក្បាលខ្លានៃតំបន់ព្រៃឡង់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ បានបញ្ជាក់ថា ព្រៃឡង់មានសារៈសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ វាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូអនុលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ដែលជួយប្រជាសហគមន៍អាចរកប្រាក់ចំណូលគ្រប់រដូវកាល។ ប៉ុន្តែតំបន់នេះក៏កើតមានបញ្ហា ប្រឈមដោយសារមានជនខិលខូចមួយចំនួន នៅតែលួចអារដើមឈើ និងបរបាញ់សត្វព្រៃ ខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ និងសម្មតិកិច្ចមានការខ្វះចន្លោះ បន្ទាប់ពីមានការល្បាត។
ក្នុងឱកាសនោះ លោក ខៀវ បូរិន បានឱ្យដឹងថាពិធីបំបួសដើមឈើជាប្រវត្តិសាស្រ្តនេះ បានរៀបចំឡើងជាលើកទី១ ដែលមានប្រជាសហគមន៍ការពារព្រៃឡង់ច្រើនកុះករ មកពី០៤ខេត្តជួបគ្នាមិនធ្លាប់មាន។ ឯកឧត្តម ខៀវ បូរិន បានថ្លែងអំណរគុណ និងកោតសរសើចំពោះប្រជាសហគមន៍នៃបណ្តាញការពារព្រៃឡង់ទាំង៤ខេត្ត (ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ) រួមទាំងមន្រ្តីឧទ្យានុរក្ស ដែលបានយកចិត្តទុកដាក់ ការពារ ថែរក្សា ស្រឡាញ់ព្រៃឈើ ធ្វើឲ្យព្រៃឈើនៅក្នុងព្រៃឡង់ មាននៅទ្រង់ទ្រាយល្អរហូតមកដល់សព្វថ្ងៃ។ ឯកឧត្តមបានចាត់ទុកថាព្រឹត្តិការណ៍នៅថ្ងៃនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីគុណតម្លៃរបស់ព្រៃឈើចំពោះមនុស្សទាំងអស់គ្នា ហើយសង្ឃឹមថា ពួកគាត់ចេះគ្រប់គ្រងធនធានរបស់ខ្លួនបានល្អប្រសើរថែមទៀត» ។ លោក បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ចាប់ពីឆ្នាំ២០១៧រហូតមក តាមរយៈការផ្តល់ពូជសត្វ សម្ភារៈកសិកម្ម និងសកម្មភាពទ្រទ្រង់ជីវភាពសហគមន៍ផ្សេងទៀត ហើយសហគមន៍ នៅដែនជម្រកសត្វព្រ ព្រៃឡង់ និងទទួលបានការគាំទ្រដូចគ្នានៅក្នុងឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ពីធីបុណ្យតាមប្រពៃណីសាសនាបំបួសដើមឈើនៅពេលនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP និងបណ្តាញសហគមន៍ព្រៃឡង់ ក្នុងបំណងបង្កើនការយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើដល់ប្រជាពលរដ្ឋ និង ដើម្បីជាការចាប់ផ្តើមពង្រឹងក្នុងកិច្ចសហការអភិរក្សគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍ប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតែស្រស់ត្រកាលគ្របដោយស្បៃធម្មជាតិ។ កម្មវិធីបានបង្កើតឱ្យពិធីសាសនា ពិធីសូត្រមន្តក្រុងពាលី ការពិភាក្សា ទស្សនកិច្ចសិក្សា និងមានបំបួសដើមឈើមួយចំនួនជានិមិត្តរូបផងដែរ។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយ អនុក្រឹត្យលេខ ០៧៤ អនក្រ .បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប ៤៣១,៦៨៣ ហិចតា ស្ថិតនៅជាប់ភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះ សំម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បំរើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌យ៉ាងសំខាន់៕
ដោយ៖ សហការី