ខេត្តពោធិ៍សាត់៖ បុរសម្នាក់ឈ្មោះ ហួន ធី រស់នៅភូមិប្រាំ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអំណាចធំ ដែលអាចដឹកនាំកម្លាំងប្រដាប់អាវុធបង្ក្រាប និងឃ្លាំមើលបទល្មើសនេសាទ នៅលើបឹងទន្លេសាប តាមអំពើចិត្ត ។ អំណាចរបស់ជនស៊ីវិល ឈ្មោះ ហួន ធី ដែលអាចដឹកនាំកម្លាំងប្រដាប់អាវុធ ឃ្លាំមើល និងបង្ក្រាបបទល្មើសនេះ ញាំងឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋថា វាបានប្រែក្លាយពីការបង្ក្រាបបទល្មើស ទៅជាកសាងបទល្មើសទៅវិញ ។ អាជ្ញាធរខេត្តពោធិ៍សាត់ ហាក់ដូចជាមិនបានដឹងរឿងនេះនោះទេ ប៉ុន្តែប្រភពខ្លះអះអាងថា ការដែលបុរសម្នាក់នេះអាចធ្វើអ្វីៗបានតាមអំពើចិត្តយ៉ាងដូច្នេះ ព្រោះមានអំណាចពីថ្នាក់ខេត្តនោះឯង ។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បុរសខាងលើ បានដឹកនាំកម្លាំងមន្ត្រីនគរបាលស្រុកក្រគរ៣នាក់ចុះឃ្លាំមើល និងបង្ក្រាបបទល្មើសនេសាទមកដល់តំបន់កោះក្អែក ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ មន្ត្រីនគរបាលមកពីស្រុកក្រគរ ហើយហែហមអមដំណើរលោក ហួន ធី មកឃ្លាំមើល និងបង្ក្រាបបទល្មើសនៅក្នុងស្រុកកណ្តៀង ដឹងខ្លួនថា វាជាទង្វើខុសច្បាប់ ព្រោះហួសដែនសមត្ថកិច្ចរបស់ខ្លួន ។ យ៉ាងដូច្នេះហើយ បានជាប្រជាពលរដ្ឋ យល់ថា បុរសឈ្មោះ ហួន ធី នោះ ទំនងជាមានបញ្ជាពីថ្នាក់ដឹកនាំខេត្ត ទើបអាចធ្វើសកម្មភាពឆ្លងស្រុកបានដោយសេរីយ៉ាងនេះ ។ ប៉ុន្តែសម្រាប់កម្លាំងសមត្ថកិច្ច ដែលឆ្លងពីស្រុកក្រគរ ចូលធ្វើសកម្មភាពដល់ស្រុកកណ្តៀង គឺជារឿងខុសច្បាប់ធ្ងន់ណាស់ ។ ដូច្នេះ ថ្នាក់ដឹកនំាខេត្តពោធិ៍សាត់ ដែលជាអ្នកបញ្ជាទៅលើបុរសឈ្មោះ ហួន ធី គួរពិចារណារឿងនេះឡើងវិញ ។
មន្ត្រីនគរបាលស្រុកក្រគរមួយរូបអះអាងថា ចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្ត ធ្វើឲ្យមន្ត្រីនគរបាលថ្នាក់ស្រុកវិលវល់ ម្យ៉ាងទៀត ការដែលយកជនស៊ីវិលធ្វើការយ៉ាងដូច្នេះ វាហាក់ដូចជាបំពានធ្ងន់ធ្ងរទៅលើកម្លាំងសមត្ថកិច្ច ។ មន្ត្រីមួយរូបនេះបានអះអាងថា ខ្លួនបានរាយការណ៍ទៅស្នងការនគរបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់រួចហើយ ចំពោះការដែលបុរសម្នាក់ឈ្មោះ ហួន ធី អាចអូសកម្លាំងចេញពីអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះទៅធ្វើសកម្មភាពរហូតដល់ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នោះ ។ បើទោះជាយ៉ាងនេះក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីប្រតិកម្មនានារបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅឡើយ ។
បុរសឈ្មោះ ហួន ធី ត្រូវគេសង្ស័យថា មានជាប់ជំពាក់វាក់វិនខ្សែស្រឡាយពីជនជាតិវៀតណាម ។ បុរសនេះ ត្រូវប្រជាពលរដ្ឋរស់នៅលើបឹងទន្លេសាប អះអាងថា ជាអ្នកជួញក្តី ឬក៏ជាអ្នករត់ការសម្របសម្រួល ក្នុងការកសាងបទល្មើសនេសាទ ។ ជនទាំងឡាយណា ដែលត្រូវគេមើលឃើញថា ជាសំរាមនៅក្នុងភ្នែកបុរសឈ្មោះ ហួន ធី មិនយូរមិនឆាប់ មុខជាត្រូវប្រឈមនឹងការកម្ទេច ដោយកម្លាំងសមត្ថកិច្ចជាមិនខាន ។ ទោះបីជាគាត់ជាជនស៊ីវិល ក៏ដោយ ប៉ុន្តែគាត់មានអំណាចដឹកនាំបញ្ជាទៅលើកម្លាំងប្រដាប់អាវុធ ជាពិសេសកងកម្លាំងនគរបាល ។ ហួន ធី ពីមុនជាអ្នកជួញក្តីល្បីល្បាញនៅខេត្តសៀមរាប ទំនងជាអស់ផ្លូវដើរ ក៏បានបន្តដំណើរមកដល់ខេត្តពោធិ៍សាត់…។
ប្រភពបានរាយការណ៍ថា បុរសម្នាក់នេះ មានអំណាច និងឥទ្ធិពលខ្លាំងទៅលើប្រជានេសាទនៅតំបន់បឹងទន្លេសាប ក៏ព្រោះតែគាត់ជាអ្នកដែលអាចស្វែងរកប្រភពហិរញ្ញវត្ថុឲ្យថ្នាក់ដឹកនាំបាន ។ ហេតុដូច្នេះហើយ បានជាអាចបញ្ជាកម្លាំងប្រដាប់អាវុធឆ្លងស្រុក ឆ្លងតំបន់បាន ដូចករណីខាងលើ ។ គេជឿថា ស្នងការនគរបាលខេត្តពោធិ៍សាត់ ក៏ដូចជាស្ថាប័នអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ពិនិត្យករណីបុគ្គលហួន ធី នេះឡើងវិញ ដើម្បីឲ្យដឹងថា តើអ្វី ជាឥទ្ធិពលនៃអំណាចពិតប្រាកដរបស់លោក ដែលអាចដឹកនាំកម្លាំងប្រដាប់អាវុធបញ្ជាឆ្លងស្រុកបានដោយសេរីយ៉ាងដូច្នេះ ៕ ហេង សូរិយា